ភ្នំពេញ៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។បន្ទាប់ពីមរណៈភាពសម្តេចចៅហ្វាវាំង គង់ សំអុលភ្លាមៗព្រះមហាក្សត្របានតែងតាំងមនុស្ស២នាក់ភ្លាមឲ្យទទួលការងារព្រះបរមរាជវាំងតាមសំណើររបស់សម្តេចតេជោហ៊ុនសែនដែលជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមិនមែនតាមការស្នើររបស់ប្រមុខរាជរដ្ឋាភិបាលដូចកាលមុនឡើយ។ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាពផងដែរ។ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា(បុត្រីសម្តេចហ្វាវាំង គង់ សំអុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំងផងដែរ)។ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ទាក់ទងនិងមរណៈភាពសម្តេចចៅហ្វាវាំង គង់ សំអុលដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនផងដែរ សម្តេចសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល យ៉ាងដូច្នេះថា ៖សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមាក្រោយបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា សម្ដេចចៅហ្វាវាំង វរវៀង ជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣៥នាទី ក្នងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបាត់បង់សម្តេចចៅហ្វាវាំង គង់ សំអុល គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូបប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធខ្ពស់ ដែលក្នុងមួយជីវិតសម្តេចបានតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិនិងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមសម្រាប់ជាតិមាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធង និងសកម្មក្នុងកិច្ចការមនុស្សធម៌តាមរយៈការបំពេញបេសកម្មដ៏ឧត្ដុង្គឧត្ដមជាមួយកាកបាទក្រហមកម្ពុជា។