រដ្ឋអាជ្ញាក្នុងប្រទេសកូរ៉េខាងត្បូងបានកំណត់អត្តសញ្ញាណអតីតប្រធានាធិបតី Moon Jae-in ជាជនសង្ស័យក្នុងសំណុំរឿងសូកប៉ាន់។
អតីតកូនប្រសាររបស់លោក Moon ត្រូវបានគេចោទប្រកាន់ថាបានទទួលការអាទិភាពពិសេស និងធានាការងារនៅក្រុមហ៊ុនអាកាសចរណ៍មួយ។ ជាការតបស្នង បុគ្គលនេះនឹងរៀបចំការណាត់ជួបដ៏សំខាន់មួយជាមួយរដ្ឋាភិបាលសម្រាប់ស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍នោះដើម្បីទទួលបានអត្ថប្រយោជន៍។
ផ្នែកព្រហ្មទណ្ឌទី 3 នៃការិយាល័យរដ្ឋអាជ្ញាស្រុក Jeonju កំពុងដឹកនាំការស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធដែលអាចកើតមានរបស់លោក Moon នៅក្នុងឧប្បត្តិហេតុនេះ។ ដីកាស្វែងរកត្រូវបានចេញកាលពីថ្ងៃទី៣០ ខែសីហា សម្រាប់ផ្ទះរបស់កូនស្រីលោក Moon Da-hye។
ការស៊ើបអង្កេតនេះកើតចេញពីពាក្យបណ្តឹងដែលបានប្តឹងកាលពី 4 ឆ្នាំមុនទាក់ទងនឹងការងាររបស់កូនប្រសារបស់ Moon ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសនាមត្រកូល Seo នៅ Thai Eastar Jet ។
ការស៊ើបអង្កេតផ្តោតលើទំនាក់ទំនងដែលអាចកើតមានរវាងការងាររបស់លោក Seo និងការតែងតាំងអតីតមន្ត្រី Lee Sang-jik ជាប្រធានទីភ្នាក់ងារទកូរ៉េសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការចាប់ផ្ដើមអាជីវកម្ម (Korea Agency for Small and Medium Enterprises and Startups )។
គណបក្សអំណាចប្រជាជន (PPP) និងក្រុមប្រជាពលរដ្ឋ Justice People ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានដាក់ពាក្យបណ្តឹងចំនួនបួននៅចន្លោះខែកញ្ញា ឆ្នាំ 2020 និងខែមេសា ឆ្នាំ 2021។
ជាពិសេសនៅក្នុងខែកញ្ញាឆ្នាំ 2020 PPP ដែលជាគណបក្សប្រឆាំងដ៏ធំបានដាក់ពាក្យបណ្ដឹងអំពើពុករលួយទៅកាន់ព្រះរាជអាជ្ញាពាក់ព័ន្ធនឹងការតែងតាំងលោក Seo ជានាយកប្រតិបត្តិក្រុមហ៊ុន Thai Eastar Jet ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលបង្កើតឡើងដោយលោក Lee ។ លោក Lee ក៏ជាសមាជិកសភាពីរអាណត្តិនៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចនៅពេលនោះ៕