ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានចេញមកបញ្ជាក់ថា ប្រទេកម្ពុជា មិនឱ្យមានការបាត់បង់ទឹកដីសូម្បី ១មីលីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណា សូម្បី ១មីលីម៉ែត្រ ដូចគ្នា។ការចេញពន្យល់បកស្រាយភ្លាមៗរបស់រដ្ឋមន្ត្រីកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រុមលេងបណ្តាញសង្គមមួយក្រុម បាននិងកំពុងបំភ្លៃខុសការពិតទាំងស្រុង ពាក់ព័ន្ធព័ត៌មានផែនទីនៃប្រទេសកម្ពុជា លើ Google Maps។តាមរយៈកិច្ចសម្ភាសពិសេសមួយ ដែលត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះលោក ឡាំ ជា រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា ការងារបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង រួមមាន វៀតណាម ឡាវ និងថៃ មិនអាចប្រើប្រាស់ផែនទី Google Maps ដើម្បីធ្វើជាមូលដ្ឋានបាននោះឡើយ ទោះបីកម្ពុជាចង់ប្រើប្រាស់ ក៏ភាគីផ្សេងមិនព្រមនោះដែរ។
លោករដ្ឋមន្ដ្រី បានលើកឡើងថា ការងារបោះបង្គោលព្រំដែននេះ កម្ពុជា និងប្រទេសជិតខាង បានឯកភាពគ្នាដោយប្រើប្រាស់ផែនទីបោនខ្នាត ១/១០០០០០ ដែលជាមរតកបន្សល់ទុកដោយអាណានិគមនិយមបារាំង ឬក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ លោកថា ច្បាប់អន្ដរជាតិ មិនអនុញ្ញាតឲ្យប្រើប្រាស់ផែនទីមូលដ្ឋានរបស់ Google Maps ជាដាច់ខាត។លោករដ្ឋមន្ត្រីថា «មិនអាចយកផែនទីណាមួយក្រៅពីផែនទី ដែលជាមូលដ្ឋានគឺផែនទីបោនខ្នាត១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ដ្រឥណ្ឌូចិនបន្សល់ទុក។ ការងារបោះបង្គោលព្រំដែន យើងមិនអាចយកផែនទី Google Maps ធ្វើជាមូលដ្ឋានបោះបង្គោលទេ។ ទោះឧបមារថា ភាគីម្ខាងចង់យក ក៏ភាគីម្ខាងទៀតមិនទទួលស្គាល់ដែរ គឺជាគោលការណ៍ច្បាប់អន្ដរជាតិ ដាច់ខាតត្រូវតែយកផែនមូលដ្ឋានដែលបន្សល់ទុកពីអាណានិគមបារាំងក្រុមភូមិសាស្ដ្រឥណ្ឌូចិនជាផែនទីគោល»។
លោក ឡាំ ជា បានថ្លែងថា កិច្ចការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់និយាមការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំងខ្សែឯកភាពគ្នានៅលើព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល រួមាមានបង្គោល ៣ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។
ករណីយ៍ មានគណនី Tiktok បានបង្ហោះវីដេអូពន្យល់បែបមិនត្រឹមត្រូវ ដោយចោទប្រកាន់ថា បង្គោលព្រំដែនវៀតណាម បោះចូលមកក្នុងទឹកដីកម្ពុជារាប់គីឡូម៉ែត្រ ដោយយកផែនទី Google Maps យកមកប្រើប្រាស់ឡាំជាពន្យល់ថា ដើម្បីបញ្ចប់មន្ទិលសង្ស័យលើផែនទី Google Maps ជាមួយផែនទីមូលដ្ឋានបោនខ្នាត ១/១០០០០០ លោកបានណែនាំឲ្យក្រុមការងារបច្ចេកទេស ធ្វើការបញ្ជាក់ជាមួយគ្នា និងរកឃើញថា ផែនទីដែលបង្ហោះដោយក្រុមហ៊ុន Google Maps មិនត្រូវគ្នាជាមួយផែនទីដែលច្បាប់អន្ដរជាតិកំណត់ឲ្យប្រើប្រាស់ឡើយ។
លោក ឡាំ ជា បានលើកឡើងថា សូមប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ហើយជាពិសេសរដ្ឋលេខាធិការព្រំដែន ដែលបន្តវេនពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបន្តបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ជាតិនេះ។លោក ឡាំ ជា បញ្ជាក់ថា៖ «គឺយើងបានប្រឹងប្រែងមិនដែលធ្វើការធ្វេសប្រហែស១វិនាទីណាទេ យើងបានខិតខំការពារ សូមជម្រាបជូនថាជាពលរដ្ឋខ្មែរគ្រប់រូប យើងមិនអាចធ្វើឱ្យបាត់បង់ទឹកដី ១មីលីម៉ែត្រ ហើយក៏យើងមិនចង់បានទឹកដីរបស់ប្រទេសណាមួយ ១លីមីម៉ែត្រដែរ»។
រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា សម្រាប់ការងារបោះបង្គោលព្រំដែន គឺផ្អែកលើគោលការណ៍ធំចំនួន៣៖ទី១៖ ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលជាផែនទីគោលយកជាមូលដ្ឋាន គឺជាផែនទីដែលត្រូវកំណត់ថាមរតកខ្សែព្រំដែនមិនកែប្រែ។ទី២៖ ផ្អែកទៅលើគោលការណ៍ច្បាប់អនុ្តរជាតិ និងឧត្តមមានុវត្តន៍អន្តរជាតិទី៣៖ ផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ.។មានការកត់សម្គាល់ថានាពេលកន្លងមករឿងធ្វើព្រំដែនក្រៅពីការនិយាយរប់សអ្នកនយោបាយមានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។សម្តេចវិបុលបញ្ញាសុខអានឧបនាយករដ្ឋមន្ត្រី។លោកវ៉ាកឹមហុងជំទាវកុយពិសីប្រធានអនុប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនហើយរហូតមកដល់លោកឡាំជារដ្ឋមន្ត្រីតែប្រជាពលរដ្ឋរកមិនឃើញឯកសារណាបង្ហាញជាភស្តុតាងដាក់នៅក្នុងគេហទំពរ័អាជ្ញាធរព្រំដែនឬរាជរដ្ឋាភិបាលឲ្យបានច្រើនឡើយ។នេះជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមន្ទិលសង្ស័យហើយត្រូវបានគេអូសាទាញបាន។