ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រកាសអាស្ន តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ថា នាពេល​កន្លងមកនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ជនខិលខូច​មួយក្រុម​តូច ក្លែងបន្លំ​ជាម​ន្ត្រី​ពន្ធដារ ចុះ​បន្លំ​ប្រមូលប្រាក់​តាម ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន និង​អាជីវ​កម្មដ្ឋាន​តូចតាច​មួយចំនួន ដោយ​មិនមាន​ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​ពន្ធដារ ឬ​មាន​លិខិត​បេសកកម្ម​ត្រឹមត្រូវ​នោះទេ​។​a fake tax2

​ឆ្លើយតប​នឹង​ករណីនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូមបញ្ជាក់​ជូន​ថា ករណីនេះ គឺជា​ករណី​ក្លែងបន្លំ ដើម្បី​បោក​បញ្ឆោត​អ្នក​ជាប់ពន្ធ និង​ប្រជាពលរដ្ឋ ឱ្យ​មានការ​ភ័ន្ត​ច្រ​ទ្បំ ជា​ថ្នូរ​នឹង​ប្រាក់​ចូល​ហោប៉ៅ​បុគ្គល ជា​បក្សពួក​ជនខិលខូច​មួយចំនួន​តូច​នោះ​តែប៉ុណ្ណោះ​។​​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាល​ពុំមាន​គោលការណ៍ ឬ​វិធាន​ការឱ្យ​មន្ត្រី​ពន្ធដារ​ដើរ​ប្រមូលប្រាក់​ពន្ធ​តាម​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន​, អាជីវ​កម្មដ្ឋាន ឬ​នៅតាម​សហគ្រាស​ប្រកប​អាជីវកម្ម​នានា​នោះ​ទ្បើ​យ​។​

អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ជម្រាបជូន អ្នក​ជាប់ពន្ធ និង​ប្រជាពលរដ្ឋ​ទូទៅ មេត្តា​ជ្រាបថា ដោយ​អនុវត្តតាម​វិធានការ​កែទម្រង់​ជា​បន្តបន្ទាប់ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​វិ​វត្ត​ខ្លួន​ជា​រដ្ឋបាល​សារពើពន្ធ​ឌីជីថល (Digital Tax Administration) ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី​ប្រើប្រាស់​ក្នុងការ​បំពេញភារកិច្ច​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​យ៉ាង​មាន​ប្រសិទ្ធភាព សមស្រប​តាម​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​។​

នាពេល​បច្ចុប្បន្ននេះ ការប្រកាស និង​បង់ប្រាក់​ពន្ធ​គ្រប់​ប្រភេទ សុទ្ធសឹងតែ​អាច​ប្រើប្រាស់​ប្រព័ន្ធ និង​កម្មវិធី​តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​ការទូទាត់​តាមរយៈ​ធនាគារ ឬ​តាម​អន​ទ្បា​ញ​ដោយផ្ទាល់​តែម្តង ក្នុងនោះ​ជាអាទិ៍​មាន ប្រព័ន្ធគ្រប់គ្រង​ការប្រកាស​ពន្ធ​អាជីវកម្ម​តាម​អន​ទ្បា​ញ (E-filing), ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ តាម​អន​ទ្បា​ញ (TOI E-filing), កម្មវិធី​ប្រកាស​ពន្ធ​អាជីវកម្ម​សម្រាប់​អ្នក​ជាប់ពន្ធ​តូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រង​បង់ប្រាក់​ពន្ធ​តាម​អន​ទ្បា​ញ (E-payment system)​។​

​ទន្ទឹមនឹង​ការរៀបចំ និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ និង​កម្មវិធី​ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​រៀបចំ​ប្រព័ន្ធ និង​កម្មវិធី​ដើម្បី​សម្រួល​លើ​ការផ្តល់សេវា ជូន​អ្នក​ជាប់ពន្ធ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ ជាពិសេស កម្មវិធី​ទូរស័ព្ទដៃ​ត្រួតពិនិត្យ​និង​តាមដាន​ឯកសារ (GDT Check and Track app) ដែល​ផ្តល់​លទ្ធភាព​យ៉ាង​ពិសេស ជូន​ដល់​អ្នក​ជាប់ពន្ធ​អាចធ្វើ​ការត្រួតពិនិត្យ​ប័ណ្ណសម្គាល់ខ្លួន​មន្ត្រី ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជា​មន្ត្រី​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ពិតប្រាកដ ដោយ​គ្រាន់តែ​ស្គែ​ន​លើ​បារ​កូដ ឬ QR កូដ លើ​លិខិត​ឬ​ប័ណ្ណសម្គាល់ខ្លួន អាច​ទទួលបាន​ព័ត៌មាន​ភ្លាម​, ត្រួតពិនិត្យ​បង្កាន់ដៃ​បង់ប្រាក់​ពន្ធ​ថា​ពិតជា​បង្កាន់ដៃ​ត្រឹមត្រូវ​ឬទេ​, តាមដាន​និង​ត្រួតពិនិត្យ​ដំណើរការ​ឯកសារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជាច្រើន​។​

អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​អំពាវនាវ​ដល់ អ្នក​ជាប់ពន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ សូម​មានការ​ប្រុងប្រយ័ត្ន និង​សូម​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ក្នុងករណី​មាន​បុគ្គល​ណា​ដែល​មិនមាន​ឯកសណ្ឋាន​មន្ត្រី​ពន្ធដារ និង​មិនមាន​ប័ណ្ណសម្គាល់ខ្លួន​ត្រឹមត្រូវ ចុះ​តាម​អាជីវ​កម្មដ្ឋាន​របស់​អស់លោក លោកស្រី ក្នុង​គោលដៅ​ប្រមូលប្រាក់ ពិសេស​លើកទ្បើង​ថា​ប្រមូលប្រាក់​ពន្ធ និង​ដោយ​គ្មាន​លិខិត​បេសកកម្ម និង​បញ្ជាក់​ពី​អង្គភាព​ច្បាស់លាស់ ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​កម្មវិធី​ទូរស័ព្ទដៃ ត្រួតពិនិត្យ​និង​តាមដាន​ឯកសារ (GDT Check and Track app) បុគ្គល​នោះ​គឺ​ពុំមែន​ជា​មន្ត្រី​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នោះ​ទ្បើ​យ​។​សូម​ចូលរួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​ផ្តល់ព័ត៌មាន​តាមរយៈ​លេខ​ទូរស័ព្ទ ១២៧៧ (​ឥតគិតថ្លៃ​) ដើម្បី​អគ្គនាយកដ្ឋាន​ពន្ធដារ​ពិនិត្យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ករណី​នោះ ឬ​ជូនដំណឹង និង​ដាក់ពាក្យ​ប្តឹង​ជាបន្ទាន់​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចំពោះ​ករណី​ក្លែងបន្លំ​នេះ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *