ដោយៈ សុផល / ភ្នំពេញ៖ ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថាៈ គិតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដំណើរការសាងសង់ សម្រេចបាន​ប្រមាណជិត ៩០% ហើយគ្រោងនឹងបញ្ចប់ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ មុនផែនការកំណត់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាៈ សម្រាប់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រនេះ មាន ២ ប្រភេទ ដែលមានការចាត់បេតុង​សរសៃដែក ប្រវែង ៤៨ គីឡូម៉ែត្រ មានកម្រាស់ ២២ សង់ទីម៉ែត្រ មាននទំហំទទឹងផ្លូវ រហូតដល់ទៅ ២៧ ម៉ែត្រ សម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមាន​ទំហំទទឹងផ្លូវ ២៥ ម៉ែត្រ។ សម្រាប់ផ្លូវខ្នែង ៥ គីឡូម៉ែត្រ បានចាក់បេតុងកៅស៊ូ ៩ សង់ទីម៉ែត្រ សម្រាប់តម្លៃសាងសង់ មានចំនួន ២៧៣ លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថាៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុង ខ្សែទី៣នេះ ក្រោយក្រសួង ចុះធ្វើតេស្តគុណភាព នៅតាមកន្លែងមួយចំនួន ហើយ ឃើញថា​ ក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណា ក្រសួងនៅតែបន្តតាមដាន ជាប់ជានិច្ច ដើម្បីធានាថា ផ្លូវនេះមានគុណភាពអាចប្រើ ប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី​ក៏បានថ្លែងណែនាំឱ្យក្រុមហ៊ុន សាងសង់រៀបចំយ៉ាងណា ឱ្យមានភ្លើងសញ្ញា ឱ្យបានត្រឹមត្រូវ កុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍​និងបានស្នើឱ្យក្រុមហ៊ុនដាំដើមផ្កា​ ឬដើមឈើនៅតាមទ្រូង ដើម្បីកុំឱ្យចាំងភ្នែក ដល់អ្នកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាផងដែរ ។

សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤ កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១.០០០ ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ២ កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើត ប្រវែង ៦៣០ ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ៦ កន្លែង និងលូគ្រប់ប្រភេទ ១១៣ កន្លែង។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុប ប្រមាណ ២៧៣ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិ បាលកម្ពុជា ចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។

ផ្លូវមួយខ្សែនេះ សាងសង់តដោយក្រុមហ៊ុនសំណង់ សៀងហៃ គ្រុប ខូអិល ធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេក ទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕ V / N

By sin

Leave a Reply

Your email address will not be published. Required fields are marked *

You missed