ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅទីនោះ បានបន្តកើនឡើងលើសពី១៣,០០០នាក់ហើយ ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។អាជ្ញាធរសុខាភិបាលហាម៉ាសបាននិយាយថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ គឺមានកុមារដល់ទៅជាង៥,៥០០នាក់ ព្រមទាំងស្រ្តី៣,៥០០នាក់ ហើយនិងអ្នករងរបួស ៣០,០០០នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ តួលេខអ្នកបាត់ខ្លួនបានកើនហួស៦,០០០នាក់ ដែលរួមមានទាំងកុមារនិងស្រ្តីសរុបប្រហែល៤,០០០នាក់។ មិនតែប៉ុណ្ណោះ កន្លែងស្នាក់នៅច្រើនជាង៤៣,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈ២២៥,០០០ខ្នងផ្សេងទៀត បានរងការខូចខាត ដោយសារតែសង្រ្គាម។ រីឯមន្ទីរពេទ្យ២៥កន្លែង និងមជ្ឈមណ្ឌលសុខភាព៥២កន្លែង ក៏លែងអាចធ្វើប្រតិបត្តិការតទៀតបានផងដែរ។
អ៉ីស្រាអែលបានចាប់ផ្តើម បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ព្រមជាមួយប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងតំបន់ Gaza Strip កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្ស១២,០០០នាក់និងចាប់ចំណាប់ខ្មាំងប្រមាណ២៤០នាក់ផ្សេងទៀត៕ ដោយ៖ ធីរីណា