ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនមួយសំបុកចំនួន៦នាក់និងវត្ថុតាងថ្នាំញៀនចំនួន៣.២៤៨គ្រាប់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតបង្ក្រាប។
នគរបាលជំនាញប្រាប់ថាៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ចាប់ពីទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣.២៤៨គ្រាប់និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផល នៅវេលាម៉ោង១៣រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយមេសន្តិសុខកាស៊ីណូ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ជនសង្ស័យទាំង៦នាក់មានឈ្មោះ៖១.ឈ្មោះផូ សុភ័ក្រ្ត ភេទប្រុស អាយុ៣៩ឆ្នាំ , ២.ឈ្មោះគុណ សំបូរ ភេទប្រុស អាយុ៣៩ឆ្នាំ , ៣.ឈ្មោះ អុំ សុធា ភេទប្រុស អាយុ៤២ឆ្នាំ , ៤.ចាប ថុនា ភេទប្រុស អាយុ២៦ឆ្នាំ, ៥.ពៅ សឿន ភេទប្រុស អាយុ២៤ឆ្នាំ , ៦.ឃីម សៅលិញ ភេទប្រុស អាយុ៣២ឆ្នាំ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលស្រាវជ្រាវរកឃើញវត្ថុតាងរួមមាន៖ ១-ថ្នាំគ្រាប់WY ចំនួន៣.២៤៨គ្រាប់, ២-ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន៣កូនថង់តូច,៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១, ៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង,៥.កញ្ឆាក្រៀម១កូនថង់ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕