ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទូទាំងប្រទេស ដែលរៀបចំឡើងដោយ នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. តាមរយៈប្រព័ន្ធអនឡាញ Zoom។
ជាកិច្ចចាប់ផ្ដើម លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ លោកបានបន្តថា កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដែលបាននិងកំពុងរៀបចំឡើងនាពេលនេះ មិនត្រឹមតែធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍភាពការងារក្នុងក្របខណ្ឌទូទាំងប្រទេសរបស់ក្រុមការងារនោះទេ ប៉ុន្តែជាការរៀបចំមួយស្របពេលដែល ស.ស.យ.ក. មានសកម្មភាពសំខាន់ៗមួយចំនួនចំពោះមុខផងដែរ។ ជាពិសេសកិច្ចប្រជុំនេះបានបង្កើនភាពស្និទ្ធស្នាលរវាងក្រុមការងារ ព្រមទាំងផ្ដល់ឱកាសឱ្យសមាជិក សមាជិកា បានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និងលើកទិសដៅសម្រាប់ការងារឆ្ពោះទៅមុខ និងសំណូមពរនានាបន្ថែមទៀត។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់ លោក សោម រតនា រួចមក លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយជនបង្គោលក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់ស.ស.យ.ក. នៅទូទាំងប្រទេស ដោយបាខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ នាំឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមក។ លោកប្រធានក៏បានលើកឡើងនូវតួនាទីយ៉ាងសំខាន់របស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈក្នុងការកសាងខ្លឹមសារ រូបភាព ចែករំលែក និងផ្សព្វផ្សាយពីខ្លឹមសារ និងសកម្មភាពកាងាររបស់ស.ស.យ.ក. ជាប្រចាំទៅកាន់សាធារណជននៅទូទាំងប្រទេស។ មានប្រសាសន៍នាឱកាសនោះ លោកបានលើកឡើងថា” ធ្វើច្រើន បើមិនផ្សព្វផ្សាយស្មើសូន្យ ហើយការផ្សព្វផ្សាយ បានឆ្លុះបញ្ចាំងពីសកម្មភាពរបស់យើង” ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *