ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានកម្ម​ការិនី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​អ្នករងគ្រោះទាំងនេះកំពុង​ឈរ​ត្រូវ​រថយន្ត​ដឹក​កម្មករមកបុកក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត ស្រុកស្វាយទាប។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់នេះបានកើតឡើងនៅ​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀលថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា ស្វាយ​រៀងរី​សត ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។
បើ​តាម​សន្តិសុខ​យាម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត បាន​ឱ្យដឹង​ថា សពនារី​រង​គ្រោះឈ្មោះ រឿ​ន ពីសី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​សិលា ឃុំ​សង្កែ ស្រុក​រំដួល ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​នារី​រង​គ្រោះ​ទើបតែ​ភ្ជាប់ពាក្យ​បាន​០៣​ខែ និង​មាន​គម្រោង​រៀប​អា​ពា​ហ៍ពិ​ពា​ហ៍នៅ​ខែ​ខាង​មុខ​នេះ ។
ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុគេ​ឃើញ​បងប្អូន​កម្មករ​-​កម្ម​ការិ​នីប្រមាណ​ជា​២០ទៅ​៣០​នាក់កំពុង​ឈររង់ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ១​គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0377 ពណ៌​លឿង បើកបរ​ក្នុង​ល្បឿន​លឿនបាន​បុក​ពំនូកកាត់​ថ្នល់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត ហោះ​ផ្លោងរេ​ចង្កូត​ឡើង​លើ​ចិញ្ចើមថ្នល់បុក​រះ​ទៅ​លើ​កម្មករ​-​កម្ម​ការិនីដែល​កំពុង​ឈរ​ចាំ​រថយន្តដើម្បី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយបុក​ហើយ​កិន​ពីលើ​នារី​ម្នាក់​ជាប់បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗនៅ​ខាងក្រោម​រថយន្ត និង​បុក​រះ​កម្មករ​-​កម្ម​ការិនី ប្រមាណ​ជាង​១០​នាក់​ផ្សេង​ទៀតបណ្តាល​ឱ្យរង​របួសធ្ងន់​ស្រាលតែ​ម្តង​ ។
ប្រភព​ដដែល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថៅកែបានដាក់​បទបញ្ជាមិន​អនុញ្ញាត​ឱ្យអ្នកបើកបរ​រថយន្តដឹក​កម្មករ​គ្រប់​ប្រភេទបើកបរ​ក្នុង​ល្បឿន​លឿន​ទេ បើ​អ្នកបើកបរ​រថយន្ត​ណា​ម្នាក់បើកបរ​លឿនត្រូវ​ចាប់​ផាកពិន័យ ក៏​ប៉ុន្តែ​មុន​ពេល​កើតហេតុ មាន​ភ្លៀង​កំពុង​ធ្លាក់​ផង ស្រាប់តែ​ជន​បង្កបាន​បើករថយន្ត ក្នុង​ទិស​ដៅ​ពី​ជើងទៅ​ត្បូងក្នុង​ល្បឿន​លឿនបាន​បុក​ពំនូកកាត់​ថ្នល់ក៏​ហោះ​ផ្លោងឡើងរេ​ចង្កូត​ទៅ​ខាងឆ្វេង បុក​រះ​កម្មករ​-​កម្ម​ការិ​នីដែល​កំពុង​ឈរ​លើ​ចិញ្ចើម​ផ្លូវ រង់ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះបង្ក​ឱ្យស្លា​ប់​និង​របួស​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្តបានជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្តរង​របួសធ្ងន់ផង​ដែរ ។
ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុយដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ជី​ភូ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ហើយ​អ្នកខ្លះដឹក​តាម​ម៉ូតូទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាបដើម្បី​សង្គ្រោះ។
ចំណែក​ស​ព​នារី​រង​គ្រោះ សមត្ថកិច្ច​បាន​ដឹក​តាម​រថយន្តយក​ទៅ​ឱ្យក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ។
ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​សាកសួរ​ចម្លើយ​អ្នកបើកបរ​រថយន្ត​បង្ក ជន​នោះ​ឆ្លើយ​ថា រថយន្ត​ដាច់​ហ្វ្រ័ង​។
ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ពិនិត្យ​បច្ចេកទេស​រថយន្ត យ៉ាងណា​នោះរង់ចាំ​ជ្រាបនៅ​ពេល​ក្រោយ។
រថយន្ត​ខូចខាត​ធ្ងន់ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​របាល​ស្រុក​ស្វាយ​ទាបដើម្បី​ដោះស្រាយ​តាម​ច្បាប់។សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​បឋម​ថា មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *