សៀមរាប៖ សត្ថកិច្ចចម្រុះរបស់ខេត្តសៀមរាប បានធ្វើការចាប់ខ្លួនបុរសម្នាក់ ដែលកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ជិត១០គីឡូក្រាមឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។a drug sr2
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងនៅព្រលប់ថ្ងៃទី២០ ខែកក្កដា នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលផ្នែកនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត វេលាម៉ោង១០៖៣០នាទីកម្លាំងជំនាញបានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយចាប់ជនសង្ស័យម្នាក់ឈ្មោះ ធន ឆវ័ន្ទ ហៅ ណាត់ ស្រុកកំណើតភូមិតាកុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សព្វថ្ងៃរស់នៅផ្ទះជួលស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
កម្លាំងនគរបាលបានដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩៩៥៥,៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់ ថវិកា១៦០០ដុល្លារ និងថវិការៀលមួយចំនួនទៀត។ក្រោយពីសាកសួរតាមនីតិវិធី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់។តាមប្រភពពីប្រតិបត្តិការបង្ក្រាបនេះ បានឲ្យដឹងថា នៅថ្ងៃកើតហាតុខាងលើនោះ កម្លាំងចម្រុះរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការសហការពីស្នងការនគរបាលខេត្តសៀមរាប ការិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តមួយគ្រឿង និងបានរកឃើញ គ្រឿងញៀនជាច្រើនដុំ នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក។