ពលរដ្ឋ ថៃ រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា តាមប្រទេសចិន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា
ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធគ្នានៅភាគខាងជើងរវាងទាហានរបស់រដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន់ កំពុងត្រូវបានជម្លៀសមកកាន់ស្រុកកំណើតតាមរយៈប្រទេសចិន ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រសួងការបរទេសថៃបាននិយាយថា ពលរដ្ឋថៃមួយក្រុមដែលមានគ្នីគ្នា ២៦៦ នាក់ រួមជាមួយជនជាតិហ្វីលីពីន និងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់លាស់ កំពុងត្រូវបានជម្លៀសចេញពីទីក្រុង Laukkaing ភាគខាងជើងរដ្ឋ Shan ទៅកាន់ព្រំដែន មីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីអាជ្ញាធរមីយ៉ាន់ម៉ា ។
ក្រសួងការបរទេសបាននិយាយទៀតថា ក្រុមនេះនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសចិន ហើយបន្ទាប់មកនឹងហោះហើរពីទីក្រុង Kunming តាមជើងហោះហើរចំនួន ២ ទៅកាន់ទីក្រុងបាងកក ហើយពួកគេក៏នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មណាមួយផងដែរ ។
អាជ្ញាធរថៃបានបញ្ជាក់ថា ពលរដ្ឋមួយចំនួនដែលជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយខ្លះទៀតអាចជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋជនតាមអនឡាញ ។ ទោះយ៉ាងណា ក្រសួងមិនបានបញ្ជាក់ពីពេលវេលានៃជើងហោះហើរសម្រាប់ការវិលត្រឡប់ចូលស្រុកវិញរបស់ពលរដ្ឋថៃទាំងនោះទេ ប៉ុន្តែបាននិយាយថា ក្រុមនេះបានធ្វើដំណើរទៅព្រំដែនចិនកាលពីថ្ងៃអាទិត្យ ។
ស្របពេលជាមួយគ្នានេះ ការជម្លៀសពលរដ្ឋថៃទៅកាន់ប្រទេសចិនគឺធ្វើឡើងត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនជាតិថៃចំនួន ៤១ នាក់ផ្សេងទៀតបានវិលត្រឡប់ចូលស្រុកវិញតាមផ្លូវគោក ក្រោយមានការសម្របសម្រួលរវាងអាជ្ញាធរថៃ និងកងទ័ពមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃភាគខាងជើងពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានព្រួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA