ព្រះវិហារ៖ ក្រុមក្មេងទំនើង២ក្រុមមាន ចំនួន៨នាក់ ដែលប្រើ ដាវ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបង និងជំពាមកៅស៊ូ បើកឆាកប្រយុទ្ធគ្នា នៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រះវិហារចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤បន្ទាប់ពីត្រុវបានឃាត់ខ្លួន។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នចេញលោក ផេង កុសល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ ក្រុមក្មេងទំនើងទាំង៨នាក់ដែលកាប់ចាក់គ្នាត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនា (ទៅវិញទៅមក)» ប្រព្រឹត្តនៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌបានសេចក្តីថាមិនទាន់សម្រេចធាភាគីខាងណាខុសឬត្រូវ។
ដិការបានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច កងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទាំង៨នាក់នេះ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ទទួលនិងឃុំខ្លួនក្មេងទំនើងទាំងនេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន៨នាក់នេះ បានបើកឆាកប្រយុទ្ធគ្នា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយដកហូតបានវត្ថុតាងមាន ដាវ១ កាំបិតផ្កាក់២ កាំបិតបុ័ងតោ១ ដំបងឈើជ្រុង២កំណាត់ និងជំពាមកៅស៊ូចំនួន២។ប៉ុនណឹងម៉ែឪដឹងតែពីចំណាយលុយទៅបើចឹងឲ្យកូនរួចខ្លួន៕