បាត់ដំបង៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបន្ដធ្វើការស្រាវជ្រាវ ដើម្បីវែកមុខអ្នកមានអំណាចនៅពីក្រោយការជួញដូរគ្រឿងញៀនប្រមាណ២០គីឡូក្រាម ដែលនាំចូលដោយជនជាតិនីហ្សរីយ៉ា ហើយត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបនៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តស្វាយរៀង។
ការបង្ហើបរឿងអ្នកនៅពីក្រោយ ជាមួយនឹងបទបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀនលើកទី៤ ជូនជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងពិធីធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាង២០គីឡូក្រាម ដោយឧក្រិដ្ឋជនជាជនជាតិនីហ្សេរីយ៉ានេះ កម្លាំងជំនាញស្រាវជ្រាវរកឃើញថា មានអ្នកមានអំណាចនៅពីក្រោយ ហើយក៏មានការបញ្ជាទិញច្បាស់លាស់ពីទីតាំងក្លឹបកម្សាន្ដមួយចំនួន និងបណ្ដាញមួយចំនួនទៀត មាននៅរាជធានីភ្នំពេញតែម្ដង។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «នៅព្រំដែនកម្ពុជា-វៀតណាម មានជនជាតិស្បែកខ្មៅនីហ្សេរីយ៉ាម្នាក់ នាំគ្រឿងញៀនប្រមាណជាង២០គីឡូក្រាមចូលកម្ពុជា។ អ៊ីចឹងយើងបានស្រាវជ្រាវទៅ ទី១៖ មានការទំនាក់ទំនងនៅភ្នំពេញ, ទី២៖ មានការកម្មង់ទិញតាមបណ្ដាក្លឹបកម្សាន្ដសប្បាយមួយចំនួន, ទី៣៖ មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយ។ បច្ចុប្បន្នយើងកំពុងធ្វើការងារនេះបញ្ច្រាសទិសវិញ អ្នកណាលូកលាន់ ត្រូវតែរកឲ្យឃើញ ហើយជាពិសេសដាក់ទោសទណ្ឌតាមច្បាប់។ ខារ៉ាអូខេ និងកន្លែងសប្បាយណាខ្លះដែលប្រើប្រាស់»។
សូមរំលឹកថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ដោយកម្លាំងនគរបាលជំនាញនិងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ជាមួយគ្រឿងញៀនជាង២០គីឡូក្រាម នៅព្រំដែនកម្ពុជា-វៀតណាម។តាមហ្វេសប៊ុកនគរបាលជនសង្ស័យខាងលើមានឈ្មោះ Madu Daniel Sopuru អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងខេត្តស្វាយរៀង នៅពេលដែលរូបគេកំពុងរត់ពន្ធគ្រឿងញៀនខុសច្បាប់។ អគ្គស្នងការនគរបាលជាតិបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីនគ្រីស្តាល់ សរុប៩,៨២គីឡូក្រាម ត្រូវបានរឹបអូសពីជនសង្ស័យរូបនេះ។
បើតាមស្នងការដ្ឋាននគរបាលជាតិ ជននេះ កាន់លិខិតឆ្លងដែនលេខ ហួសសុពលភាពថែមទៀត និងមានមុខរបរ កន្លែងស្នាក់នៅមិនពិតប្រាកដ។ ក្រៅពីនេះ វត្ថុតាងដែលរឹបអូនបានក្រៅពីគ្រឿងញៀនរួមមាន៖ លិខិតឆ្លងដែន១ក្បាល ទូរសព្ទដៃ០២គ្រឿង កាបូបស្ពាយពណ៌ខ្មៅ ដាក់គ្រឿងញៀន០១។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។គេមិនដឹងថាតើហេតុអីគ្រឿងញៀនមានទម្ងន់ខុសគ្នាឬក៏ជាមនុស្សខុសគ្នានោះទេតែង្វីដែលភ្ញាក់ផ្អើលនិងសាទរគឺទើបតែបានឮថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្រឹតឿបនិយាយបង្ហើបថាមានមនុស្សមានអំណាចពាក់ពន្ធ័ការជួញដូរដែលកន្លងមកគ្មានអ្នកហ៊ានបង្ហើបនោះទេ។ជាក់ស្តែងសូម្បីឧកញ៉ាគិតធាងថៅក្លឹបរ៉ុកដែលបង្ក្រាបបានមានភស្តុតាងសម្បើមក៏ដោយក៏ទោសជាប់គុកតែ៤ឆ្នាំប៉ុនណោះហើយត្រុវព្យួរថែមទៅទៀត។
ដោយឡែងទាក់ទងគ្រឿងញៀនជាជនជាតិវៀតណាមដែរកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក៏បានបង្ក្រាបករណីជួញដូរគ្រឿង ២គោលដៅផ្សេងគ្នា ដោយនៅគោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។បច្ចុប្បន្នជនល្មើសទាំង ២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕មភ