កំពង់ឆ្នាំង៖ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរទ្រង់ក្រពើ ក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចំនួន៩ខ្នងផ្ទះ មានប្រជាពលរដ្ឋរស់នៅ១២គ្រួសារ បានបាក់ស្រុតធ្លាក់ទៅក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើល ។មុនឈានដល់ការបាក់ស្រុត ផ្ទះទាំង៩ខ្នង គឺកាលពីប៉ុន្មានថ្ងៃមុនមានការស្រុតជើងទេផ្លូវថ្មី បន្តិចបន្តួចដែលនៅជាប់នឹងមុខផ្ទះប្រជាពលរដ្ឋរងគ្រោះ ហើយក្រោយមកអាជ្ញាធរក៏បានចាក់បេតុង អមសងខាងផ្លូវក្នុងគោលបំណងទប់ផ្លូវបេតុងកុំឲ្យបាក់ស្រុតបន្ត ។ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានបាក់ស្រុតតែម្ដង តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ ។លោក ហ៊ីង ភ័ព្វ មិនា អភិបាលក្រុងកំពង់ឆ្នាំង នៅពេលអមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងចុះទៅពិនិត្យស្ថានភាពនោះ បានបញ្ជាក់ថា លោកបានចាត់ឱ្យកងកម្លាំងប្រដាប់ជួយរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ និងជួយលើកសម្ភារៈរបស់ពួកគាត់ទៅដាក់នៅប៉ែកខាងដីដែលមិនស្រុត ។ លោកក៏បានរៀបចំឲ្យបងប្អូនទាំង១២គ្រួសារទៅ ស្នាក់នៅបណ្ដោះអាសន្ននៅសាលាឆាន់វត្តយាយទេព ជាបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់ថា ទៅស្នាក់នៅផ្ទះបងប្អូនវិញ។ លោកក៏ត្រៀមរថយន្តសម្រាប់ជួយដឹកជញ្ជូនសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋដែរ ។ចំពោះមូលហេតុ ដែលបណ្ដាលឲ្យមានការបាក់ស្រុតនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេ ព្រោះតែព្រឹកនេះ មន្ត្រីជំនាញបានទៅពិនិត្យ និងកំពុងតែវាយតម្លៃ ។មាតុភូមិ