ខេត្តតាកែវ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ លោក អ៊ូច ភា បានធ្វើរបាយការណ៍ជូន លោកអភិសន្តិបណ្ឌិត និងអង្គពិធី អំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវសម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តមនាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចំណែក លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ