ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដែលនឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ ។
លោក កើត រិទ្ធ លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។លោកបានលើកឡើងថា ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺអនុវត្តតាមការណែនាំពី សម្តេចមហាបវរធិបតី ដែលយកចិត្តទុកដាក់លើករណីឃាតកម្ម ដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវតែត្រឹមត្រូវ និងស្របតាមមតិមហាជនដែលលើកថា ករណីសម្លាប់មនុស្សសាហាវ ដូចករណី បុគ្គល ស្រី ស៊ីណា ការដាក់ទោសពី១០ឆ្នាំទៅ១៥ឆ្នាំគឺស្រាលណាស់ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត។បច្ចុប្បន្ននេះតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា បានកំណត់ថា ករណីឃាតកម្មមិនគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម១៥ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយកម្ពុជាមិនអាចផ្តន្ទាទោសជនល្មើសពីអ្វីច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ។
ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បទឃាតកម្ម ក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលនឹងចេញជាលទ្ធផលនៅចុងឆ្នាំនេះ ចំពោះការកំណត់ទោស នឹងលើសអ្វីដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ពោលមិនក្រោម១៥ឆ្នាំនោះទេ។លោកកើតរិទ្ធបានលើកឡើងផងដែរថា «អ្នកច្បាប់ទទួលស្គាល់ យើងខ្ញុំទទួលស្គាល់ថាក្រមព្រហ្មទណ្ឌថ្វីត្បិតតែមានច្រើនទំព័រ មានច្រើនមាត្រា ប៉ុន្តែនៅតែមិនគ្រប់ ដោយត្រូវមានច្បាប់ចេញជាបន្តបន្ទាប់ ហើយទន្ទឹមនឹងនេះ ក៏មានចំណុចខ្វះខាតដែលមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣កន្លងទៅ បានធ្វើការសម្រេចចិត្ត ក្នុងការធ្វើវិសោធនកម្មក្រមទាំងពីរនេះឡើងវិញ គឺក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌឡើងវិញ ដើម្បីម្យ៉ាងបំពេញនូវចំណុចខ្វះខាត និងម្យ៉ាងទៀតកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តិនៃសង្គម និងតម្រូវការរបស់សង្គម ដើម្បីដល់សន្តិសុខ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គម»។បើតាមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌក្នុងកម្រិតបច្ចេកទេស អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះតែម្តង។
ទាក់ទងនិងសំណុំរឿងអតីតឧកញ៉ាស្រីស៊ីណាបាញ់ប្រហារលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។
លោក កើត រិទ្ធ បញ្ជាក់ថា «បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរ ហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌ គឺការដាក់ទោសមួយ និងទទួលទោសមួយ សាកសមនឹងកំហុសដែលបានប្រព្រឹត្ត»។
សូមបញ្ជាក់ថាខ្មាន់កាំភ្លើងគឺ អតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើការបាញ់ប្រហារកាលពីថ្ងៃទី១៧មិថុនានៅក្នុងបុរីប៉េងហួតនៅខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស ២នាក់ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ ករណីនេះ តុលាការបានចោទប្រកាន់ អតីតឧកញ៉ា ចំនួន ៣បទល្មើស គឺបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។បើតាមលោក កើត រិទ្ធ ករណីអតីតឧកញ៉ាខាងលើ បាញ់សម្លាប់មនុស្ស តុលាការត្រូវតែអនុវត្តតាមច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬបន្ធូរបន្ថយ ហើយបន្ថែមថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹងជាប់គុកតែ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំ ខណៈករណីនេះ ត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ដែលសំណុំរឿងនីមួយៗ អាចត្រូវជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ហើយទោសនេះនឹងបូកចូលគ្នា។
លោក កើត រិទ្ធ បានថ្លែងថា បើអយ្យការមិនបំបែកសំណុំរឿងជាពីរ ម្ល៉េះទោសរបស់ លោក ស្រី ស៊ីណា មិនធ្ងន់នោះទេ។ លោកបានធានាថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា នឹងមិនអាចមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតុលាការឡើយ។លោកធានាថា បើអតីតឧកញ៉ា ស្រី ស៊ីណា មិនត្រូវជាប់ពន្ធនាគារ ឬជាប់ពន្ធនាគារ ២-៣ឆ្នាំចេញមកវិញ ពាក់ព័ន្ធករណីឃាតកម្មនេះ លោកក៏នឹងដើរចេញមិនអង្គុយនៅកន្លែងយុត្តិធម៌នេះទៀតទេ?!៕
MP