សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកាបានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។
នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន១២នៅក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN។ ចំណែក សហរដ្ឋអាមេរិក
រុស្ស៉ី និងចក្រភពអង់គ្លេសដែលសុទ្ធតែមានអំណាចវេតូ បានបោះឆ្នោតអនុបវាទលើដំណោះស្រាយនេះក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ។
ដំណោះស្រាយព្រាងឡើងដោយប្រទេសម៉ាល់ត៍ បានអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់ជាបន្ទាន់ និងបើកច្រករបៀងនៅទូទាំងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយទៅដល់ប្រជាជនស៊ីវិល ព្រមទាំងអំពាវនាវផងដែរឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
ដំណោះស្រាយខាងលើ ជាការប៉ុនប៉ងលើកទី៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បបញ្ចេញសកម្មភាពរបស់ខ្លួន ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលនិងហាម៉ាស់ផ្ទុះឡើងមក។ ដំណោះស្រាយនៅលើកនេះត្រូវបានអនុម័ត ដ្បិតមិនមានការបោះឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍ ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបោះឆ្នោតអនុបវាទ ជាមួយការអះអាងថាដោយសារតែដំណោះស្រាយនេះមិនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៉ីស្រាអែល រីឯ
រុស្ស៉ីអះអាងថា ខ្លួនបោះឆ្នោតអនុបវាទ គឺដោយសារតែមិនមានការអំពានាវឱ្យមានបទឈប់បាញ់ពេញលេញមួយភ្លាមៗ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ