ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ថ្លែងថា “គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។”
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា “គិតពីឆ្នាំ ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ ពី២៥% ដល់២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី៤០% ដល់៤២%។”
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
ថ្លែងនាឱ្យកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតចូលរួមអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ដែលត្រូវ បានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារី ក្រសួង ដែលប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ការបែង ចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅ តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ