សួងការបរទេសទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានរួមគ្នាថ្កោលទោសលើសន្ធិសញ្ញាថ្មីរវាង
រុស្ស៉ីនិងកូរ៉េខាងជើង ថាជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខការទូតទាំងពីររូប ក៏បានជជែកផងដែរអំពីមធ្យោបាយដើម្បីឆ្លើយតបចំពោះការចុះសន្ធិសញ្ញាខាងលើ និងបានយល់ស្របគ្នា តាមដានស្ថានការណ៍ឱ្យបានដិតដល់។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រចំណាត់ការឆ្លើយតបរបស់កូរ៉េខាងត្បូងចំពោះសន្ធិសញ្ញានោះ ដែលបានចែងថា ទីក្រុងមូស្គូនិងព្យុងយ៉ាង នឹងផ្តល់ជំនួយយោធាភ្លាមៗ ដល់គ្នាទៅវិញទៅមក ប្រសិនបើភាគីណាមួយប្រឈមការឈ្លានពានប្រដាប់អាវុធ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តថា សហរដ្ឋអាមេរិកផ្ទាល់នឹងពិចារណាលើមធ្យោបាយផ្សេងៗ ដើម្បីឆ្លើយតបការគំរាមកំហែង ចំពោះសន្តិភាពនិងស្ថិរភាពអន្តរជាតិ ពីសំណាក់រុស្ស៉ីនិងកូរ៉េខាងជើង។
តាមទស្សនៈរបស់លោក Cho កិច្ចសហប្រតិបត្តិការណាមួយក៏ដោយ ដែលជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសកូរ៉េខាងជើង គឺជាការរំលោភបំពានយ៉ាងច្បាស់ លើសេចក្តីសម្រេចទាំងឡាយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ លោក Chang Ho-jin ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ក៏បានលើកឡើងដែរថា ទីក្រុងសេអ៊ូល នឹងពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដើម្បីឆ្លើយតបចំពោះសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកូរ៉េខាងជើងនិងរុស្ស៉ី៕