ភ្នំពេញ​៖​ នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់ផងដែរថា នេះជាលើកទី១របស់ឯកឧត្តមដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងឯកឧត្តមបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលឯកឧត្តមបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វាយឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិ ក៏ដូចជានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ក្នុងទិដ្ឋភាពនៃវិស័យសុខាភិបាលក្នុងតំបន់ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា ការចូលរួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំក្នុងតំបន់ នឹងជួយទប់ស្កាត់ស្ថានភាពជំងឺដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋចំនួន ១,៩ ប៊ីលាននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ នឹងអាចទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអង្គការសុខភាពពិភពលោកនឹងចូលរួមសហការគ្នារួមទាំងកម្លាំងកាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អប្រសើរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តមនាយក សាយអា ម៉ាអ៊ូ ព្យូកាឡា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។ សម្តេចធិបតី ក៏បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានថ្លែងអំណរគុណសាជាថ្មីចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងសកម្មរបស់អង្គការសុខភាពពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ រួមទាំងក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។ សម្តេចធិបតី ក៏បានជូនពរឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ