ខេត្តសៀមរាប ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាសអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរនេះ។ នេះជាការបញ្ជាក់តាមរយៈផេកផ្លូវការ របស់អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃនេះ ។ 

អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តថា ៖ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា ការកោះហៅប្អូនៗក្មួយៗ ដែលជាអ្នកផលិតវីដេអូមកពេលនេះ មិនមែនជាការចាប់ទោសអូសដំណើរអ្វីនោះទេ បើទោះបីជាវីដេអូដែលបានបង្ហោះនោះបានបង្ហាញនូវរូបភាព និងខ្លឹមសារខុសឆ្គងក្តី។ ប៉ុន្តែការហៅមកនេះជាការកែតម្រូវដើម្បីឲ្យការផលិតវីដេអូក្រោយៗកាន់តែមានភាពល្អប្រសើរ និងអាចជួយផ្សព្វផ្សាយនូវអ្វីៗដែលល្អៗរបស់សង្គមខ្មែរយើង។

លោកបន្តថា ប្រទេសជាតិយើងមានមរតកវប្បធម៌ដ៏សំបូរបែប ប្រជាពលរដ្ឋមានប្រពៃណីល្អផូរផង់ មានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗដែលយើងគួរខិតខំផ្សព្វផ្សាយ។ លោកថា យើងអាចរកចំណូលបានមួយផ្នែក តែយើងក៏បានផ្តល់នូវការផ្សព្វផ្សាយនូវអ្វីៗដែលល្អទាំងអស់នោះផងដែរ។

ជាមួយគ្នានោះដែរ តំណាងក្រុមអ្នកផលិតវីដេអូ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា។ លោកបន្តថា ការពិតវីដេអូរបស់ក្រុមខ្លួន គ្មានបំណងណាមួយញុះញង់ បង្ហាញភាពអាសអាភាស បង្ហាញភាពអសីលធម៌អ្វីទេ ពោលគឺក្រុមខ្លួនផលិតវីដេអូបែបអប់រំជារឿងភាគ ប៉ុន្តែដោយសារសាច់រឿងត្រូវបានកាត់ខ្លីៗទើបបង្កឲ្យមានការខុសឆ្គងបែបនេះ។ បើទោះជាយ៉ាងណាពួកគាត់បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនូវរាល់កំហុសឆ្គងកន្លងមក និងសន្យាកែប្រែនូវចំណុចខុសឆ្គងទាំងអស់ទាំងខ្លឹមសារពាក្យពេចន៍ និងរូបភាព៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ