ខេត្តកំពង់ឆ្នាំង ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីភាពមិនប្រក្រតីនៃការ អនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះត្រួតពិនិត្យ ទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្ត្រី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែ នៅពេលអនុវត្តការងារ មន្ត្រីទាំង៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្ត្រី ទាំង ៥រូប ស្របតាមបញ្ញត្តិនៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។
ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាតនិងអនុវត្តយ៉ាងហ្នឹងម៉ាត់តាមអភិក្រម “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់” ដោយមិនឱ្យមន្ត្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាស កេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួល សេវាក្នុងវិស័យពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម សូមជម្រាបសាធារណជនឱ្យបានជ្រាបផងដែរថា ការចុះបំពេញភារកិច្ចរបស់ មន្ត្រី ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារ សុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយ ដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់។
ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ពាណិជ្ជករ អាជីវករ ទាំងអស់ សូមបន្តប្រកបអាជីវកម្មរបស់ខ្លួនជា ធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ប្រសិនបើមានមន្ត្រីឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្ត តួនាទីនិងភារកិច្ចរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦ (MoC Call Center 1266) ឬCCF Complaint App ដូចមានជូនភ្ជាប់នៅខាងក្រោម ៕
ដោយ ៖ សិលា នគរវត្ត