អន្តរជាតិ ៖ ឥស្សរជននៅតំបន់ហ្កាហ្សាប៉ាឡេស្ទីនបានប្រាប់អ្នកកាសែតនៃទីភ្នាក់ងារព័ត៌មានស៊ីនហួរចិនថា នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយក្នុងជំរំជនភៀសខ្លួន Nuseirat ដែលស្ថិតនៅភាគកណ្តាលនៃតំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់បាត់បង់ជីវិត ។ ហើយពីយប់ថ្ងៃទី៤ ដល់ព្រឹកថ្ងៃទី៥ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានវាយប្រហារកន្លែងជាច្រើននៅភាគកណ្តាលនៃតំបន់ហ្កាហ្សា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៥ នាក់ស្លាប់បាត់បង់ជីវិតក្នុងនោះបូករួមទាំងស្ត្រីនិងកុមារផងដែរ។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានអះអាងនៅថ្ងៃទី៥ ខែមិថុនាថា តាមការស៊ើបការណ៍បានបង្ហាញថា នៅភាគខាងកើតនៃជំរំជនភៀសខ្លួន Bureij និងភាគខាងកើតក្រុង Deir al-Balah “ មានបរិក្ខាររបស់ពួកបំផ្លិចបំផ្លាញនិងអង្គការភេរវកម្ម ” ដូចនេះបានជាកងកម្លាំងអ៊ីស្រាអែលវាយប្រហារដោយចំគោលដៅចំពោះទីតាំងទាំងនេះ៕