ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង​-​ពោធិ៍សាត់ និង​ខេត្តកោះកុង (​សំឡូត​-​វាលវែង​-​កោះកុង​) មាន​ប្រវែង​សរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការ​សាងសង់​បាន ៨៣,៣៦% គិត​ត្រឹម​បំណាច​ខែឧសភា ឆ្នាំ​២០២៤​។

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា លទ្ធផល​ការងារ​សាងសង់​សម្រេចបាន រួមមាន​៖ ការងារ​ផ្លូវថ្នល់​សម្រេចបាន ៨៧,៣១%, ការងារ​ស្ពាន​សម្រេចបាន ៩១,១៨%, ការងារ​ស្ពាន​ខ្ពស់​ជាងគេ​ប្រវែង ៥៣០​ម៉ែត្រ សម្រេចបាន ៤១,៥០% ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥​ខាងមុខ ខណៈ​ការងារ​លូ​កាត់​ទទឹង​ថ្នល់​សម្រេចបាន ៩៩,៨២% និង​ការងារ​លូ​បណ្តោយ​ថ្នល់ និង​ជញ្ជាំង​ការពារ​ជើងទេរ​អនុវត្តបាន ៨៩,៨៤%​។

​សម្រាប់​ការធ្វើដំណើរ​លោក​ផន​រឹម បាន​បញ្ជាក់ថា នៅ​រដូវវស្សា​នេះ​ផ្លូវជាតិ​លេខ​១០ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ដោយ​រលូន តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយសារ​កំណាត់​ផ្លូវ​ខ្លះ​នៅ​ជា​ក្រួស​ក្រហម និង​កំណាត់​ផ្លូវ​ខ្លះទៀត អាច​រអិល​ដោយ​អន្លើ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

​បច្ចុប្បន្ន កំណាត់​ផ្លូវ​លេខ​១០ មាន​ស្ថានភាព ដូចតទៅ​៖ ពី pk0 (​សំឡូត​) -pk60 (​ក្រពើ​ពីរ​) កៅស៊ូ ,​ពី pk 60-pk 85 ក្រួស​ក្រហម ,​ពី pk 85-pk112 (​អូរ​សោម​) កៅស៊ូ​, ពី​pk 112-pk 130 ក្រួស​ក្រហម (​អាច​រអិល​បន្តិចបន្តួច​ពេល​ភ្លៀង​លើ​កំណាត់​ខ្លះៗ​) ,​ពី​pk 130-pk 160 កៅស៊ូ​,pk 160 -pk 175 ក្រួស​ក្រហម និង​ពី​pk 175-pk 198 (​កោះកុង​) កៅស៊ូ​។

​គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​១០​នេះ ជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​ផ្លូវ​សរុប ១៩៨,៥១៨​គីឡូម៉ែត្រ និង​ទទឹង ៩​ម៉ែត្រ​។ គម្រោង​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល ៦៦​ខែ និង​បានចាប់ផ្ដើម​សាងសង់​ពីថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខនេះ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *