រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានលើកឡើងថា ចិនអាចជួយរៀបចំ សន្និសីទសន្តិភាពមួយ ដែលរុស្ស៉ីព្រមទាំងអ៊ុយក្រែន នឹងចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។
លោក Lavrov បានបន្តថា ការធ្វើបែបនោះនឹងជា ការបន្តកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដែលសំដៅជួយដោះស្រាយវិបត្តិអ៊ុយក្រែន។ ក្នុងបទសម្ភាសមួយជាមួយ ទីភ្នាក់ងារព័ត៌មាន RIA លោករដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាននិយាយដូច្នេះថា «យើងមានការយល់ឃើញដូចគ្នា ចំពោះជំហររបស់ចិន ដែលថាដើមចមនៃបញ្ហាជម្លោះ ចាំបាច់ត្រូវតែដោះស្រាយក្នុងជំហានដំបូងបំផុត ហើយផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់ ត្រូវតែទទួលបានការការពារ តាមរយៈការបង្កើតកិច្ចព្រមព្រៀង ដោយឈរលើគោលការណ៍នៃសមភាព និងសន្តិសុខមិនអាចបែកចែកដាច់ពីគ្នា»។
រុស្ស៉ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាគ្នា ប៉ុន្តែបានភ្ជាប់ជាមួយនូវលក្ខខណ្ឌ នោះគឺទីក្រុងកៀវ និងក្រុមប្រទេសលោកខាងលិច ត្រូវតែទទួលស្គាល់ព្រំដែននៃទឹកដីដែលកងកម្លាំងរុស្ស៉ី កំពុងកាន់កាប់នៅអ៊ុយក្រែន ក៏ប៉ុន្តែទីក្រុងកៀវ បានបដិសេធចំពោះការទាមទារនោះ។ លោក Lavrov បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការបន្តផ្តល់ជំនួយឱ្យអ៊ុយក្រែន ហើយក៏បានចោទអាមេរិកថា កំពុងតែដុតបញ្ឆេះភ្លើងជម្លោះឱ្យកាន់តែក្តៅនៅមជ្ឈិមបូព៌ាផងដែរ ដោយលោកចង់សំដៅលើសង្គ្រាមនៅហ្កាហ្សា។
សម្រាប់អ៊ុយក្រែនវីញ នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ សន្និសីទអន្តរជាតិមួយស្តីពីសន្តិភាពអ៊ុយក្រែន កំពុងគ្រោងរៀបចំឡើងនៅឯប្រទេសស្វីស ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ វិមានក្រឹមឡាំង ធ្លាប់បាននិយាយថា សន្និសីទបែបនោះ មុខជានឹងគ្មានសម្រេចបានលទ្ធផលអ្វីឡើយ ដ្បិតរុស្ស៉ីដែលជាភាគីជម្លោះផ្ទាល់នៅក្នុងសង្គ្រាម ពុំមានវត្តមាន។
ក្រៅពីរឿងសន្និសីទ កាលពីថ្ងៃពុធទី២៩ឧសភា មេបញ្ជាការកងទ័ពជើងទឹករបស់អាឡឺម៉ង់ និងជានាយអគ្គសេនាធិការនៃទីបញ្ជាការដ្ឋានកំពូលរបស់អង្គការណាតូប្រចាំតំបន់អឺរ៉ុប លោកឧត្តមនាវីឯក យ៉ូអាគីម រ៉ូល (Joachim Ruhle) បានថ្លែងថា ទាហានរបស់អាឡឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រយុទ្ធក្នុងកិច្ចការពារដែនអធិបតេយ្យភាពរបស់បណ្តាប្រទេសជាសមាជិក អង្គការណាតូ។
ការលើកឡើងរបស់មន្ត្រីយោធាជាន់ខ្ពស់អាឡឺម៉ង់រូបនេះ បានធើ្វឡើងនៅក្នុងឱកាសបិទបញ្ចប់ការធើ្វសមយុទ្ធសឹករួមគ្នាដ៏ធំមួយរបស់ក្រុមសម្ព័ន្ធមិត្តនៅឯទឹកដីប្រទេសលីទុយអានី ដោយផ្តោតលើការហ្វឹកហ្វឺនយុទ្ធសាស្ត្រក្នុងការពង្រាយទ័ពរបស់ក្រុមប្រទេសសម្ព័ន្ធមិត្តឱ្យបានឆាប់រហ័សនៅក្នុងគ្រាដែលមានជម្លោះកើតឡើង ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចដូចមានចែងនៅក្នុងច្បាប់មាត្រាទី៥ របស់អង្គការណាតូ ស្តីអំពីកិច្ចការពារជាសមូហភាពរវាងបណ្តាប្រទេសជាសមាជិក។
សមយុទ្ធយោធានេះ មានការចូលរួមពីបណ្តារដ្ឋសមាជិកអង្គការណាតូសរុបចំនួន ៣២ប្រទេស និងមានទាហានសរុបប្រមាណជាង ១២,០០០នាក់។គេចាត់ទុកថា ជាលំហាត់សឹកដ៏សំខាន់របស់កងទ័ពជាតិអាឡឺម៉ង់ ប៊ុនដេសវែរ (Bundeswehr) សម្រាប់ហ្វឹកហ្វឹនយុទ្ធវិធី នៅក្នុងការចល័តទ័ពឱ្យបានឆាប់រហ័ស ដោយសំដៅចូលរួមពង្រឹងខ្សែការពារភូមិសាស្ត្រភាគខាងកើតរបស់អង្គការណាតូដែលស្ថិតក្នុងទឹកដីរបស់ប្រទេសអេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅក្បែរព្រំដែនជាមួយនឹងរុស្ស៊ី ៕