ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន បែកគំនិតស្លៀកស្បង់ចីពរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័យ៣នាក់ (ប្រុស​) ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ហង្ស ទូច ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នរស់នៅភូមិខ្សាយ ឃុំត្រពាំងសុក្រំ ស្រុកដងទង់ ខេត្តកំពត(ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+), ទី២-ឈ្មោះ ទ្រី វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នរស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) និងទី៣-ឈ្មោះ ម៉េង ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)។ វត្ថុតាងចាប់យករួមមាន:១-បាត្រចំនួន០៣, ២-ថង់យាមចំនួន០៣, ៣-ស្បង់ចីពរគ្រងដណ្តប់ក្លែងជាព្រះសង្ឃចំនួន០៣ឈុត ៤-ប្រាក់រៀលចំនួន៨៩.៥០០៛។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ សមាជិកក្រុមប្រឹក្សាឃុំបែកចាននិងប្រជាការពារឃុំបានប្រទះឃើញលោកសង្ឃចំនួន០៣អង្គនិមន្តបិណ្ឌបាត្រនៅចំណុចកើតហេតុខាងលើ ។ ដោយមានការសង្ស័យទើបសមាជិកក្រុមប្រឹក្សាឃុំបែកចាននិងប្រជាការពារឃុំបាននិមន្តលោកសង្ឃទាំង០៣អង្គខាងលើទៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល​ ដេីម្បីសាកសួរព័ត៌មាន​ ។ ក្រោយមកក៏តេទូរស័ព្ទមកសាលាអនុគណស្រុកអង្គស្នួល ភ្លាមនោះជំនួយការព្រះអនុគណស្រុកចុះទៅធ្វើការត្រួតពិនិត្យឃើញថា លោកសង្ឃទាំង០៣អង្គនោះគ្មានសង្ឃដីកា(គ្មានឯកសារសម្គាល់ខ្លួនជាសង្ឃ) រួចបាននាំទៅសាលាអនុគណស្រុកអង្គស្នួល​ ស្ថិតនៅវត្តអង្គពពាយ​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ធ្វើការដោះស្បង់ចីពរពីលោកសង្ឃទាំង០៣អង្គនោះ និងបានរាយការណ៍មកកម្លាំងសមត្ថកិច្ចផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក។  ក្រោយពីទទួលព័ត៌មាន​ ក៏បានសហការជាមួយកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍ក្រាំងម្កាក់ បានចុះទៅដល់សាលាអនុគណស្រុក ហើយបានធ្វើការប្រគល់-ទទួល ជនសង្ស័យរួមទាំងវត្ថុតាងខាងលើដើម្បីសាកសួរនាំបន្តតាមនិតិវិធីច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ និងបក្ខពួកពិតជាបានគ្រងស្បង់ចីពរដោយគ្មានសិទ្ធិ​ (គ្មានឯកសារសម្គាល់ខ្លួនជាសង្ឃ)​ ហើយដើរបិណ្ឌបាត្រពិតប្រាកដមែន ដោយក្នុង០១ថ្ងៃបានប្រាក់ចំនួន៧០០០០៛(ប្រាំពីរមុឺនរៀល) ហើយចូលលុយគ្នាទិញថ្នាំញៀនដើម្បីប្រើប្រាស់ជាមួយគ្នា ។ ពួកខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល០៥ទៅ០៦ខែមកហើយ ។ 

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕ 

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ