ខេត្តព្រៃវែង ៖ បេីតាមការ​បញ្ជាក់ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី១៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ក្មេងប្រុសម្នាក់មានអាការៈស្លេកស្លាំង និងហើមមុខ ត្រូវឪពុកម្ដាយបញ្ជូនទៅមន្ទីរពេទ្យចំនួន ៤ នៅរាជធានីភ្នំពេញ ហើយក្រុមគ្រូពេទ្យបញ្ជាក់ដូចគ្នាថា ក្មេងមានបញ្ហាតម្រងនោម និងត្រូវលាងឈាម ដើម្បីរក្សាជីវិត ដោយសារក្មេងប្រុសម្នាក់នេះ ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងច្រើនរហូតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពបែបនេះ ។
តាមការបញ្ជាក់ពីលោកស្រី គល់ ចិន្តា អាយុ ៥១ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ត្រូវជាម្ដាយ) បានឱ្យដឹងថា៖ កូនរបស់គាត់មានឈ្មោះ អៀម ភារុណ អាយុ ១៤ឆ្នាំ ភេទប្រុស រៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សាអ្នកលឿង ។ កូនរបស់គាត់ មិនដែលឈឺជំងឺធ្ងន់ធ្ងរ ឬមានជំងឺរ៉ាំរ៉ៃប្រចាំកាយអ្វីទេតាំងពីតូចមក ប៉ុន្តែរហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កូនរបស់គាត់មានអាការៈហើមមុខ និងស្លេកស្លាំង ទើបក្រុមគ្រួសារ បានយកទៅមន្ទីរពេទ្យចំនួន ៤លើក ដោយលើកទី១ បានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា គ្រូពេទ្យប្រាប់ថា ជាតិពុលឡើងដល់ ១.១០០ និងខ្សោយតម្រងនោម បណ្ដាលមកពីញ៉ាំគ្រឿងកំប៉ុងច្រើន សម្រាកព្យាបាលបានរយៈពេលកន្លះខែ ។
លើកទី២ ទៅមន្ទីរពេទ្យកេតុមាលា គ្រូពេទ្យក៏បានបញ្ជាក់ប្រាប់ថា មានតែលាងឈាមទេ អស់ក្រលៀនហើយ បានសំរាក ១ យប់ ដោយសារគ្មានលទ្ធភាព ។
លើកទី៣ បានទៅមន្ទីរពេទ្យកូរ៉េ (មុខព្រលានយន្ដហោះពោធិ៍ចិនតុង) គ្រូពេទ្យបញ្ជាក់ប្រាប់ថា មានតែលាងឈាមទេ អស់គ្រលៀនហើយ សំរាកបានរយៈពេលកន្លះខែ ។
លើកទី៤ ប្ដូរទៅមន្ទីរពេទ្យជោរី (ភ្នំពេញ) គ្រូពេទ្យបញ្ជាក់ថា អស់ក្រលៀនហើយ ត្រូវការលាងឈាម ដើម្បីរក្សាជីវិត ។ ដោយសារអស់លទ្ធភាព គាត់ក៏បានយកកូនត្រឡប់មកផ្ទះវិញ លុះមកដល់យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កូនរបស់គាត់ក៏បានទទួលមរណៈភាពនៅផ្ទះ ។
លោកស្រី បានបញ្ជាក់ទៀតថា កូនរបស់គាត់ចាប់ផ្ដើមចូលចិត្តញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងជាច្រើនប្រភេទ តាំងពីអាយុ ១០ឆ្នាំ ពោលគឺកូនរបស់គាត់ញ៉ាំជាប្រចាំថ្ងៃទាំងនៅសាលារៀន និងពេលទៅឃ្វាលគោ ដោយកូនគាត់តែងលួចលាក់ដាក់តាមខ្លួន ហើយញ៉ាំជាប្រចាំ ទោះបីជាគាត់ខំហាមឃាត់យ៉ាងណាក៏ដោយ ។
គាត់បានបន្ថែមថា មានពេលខ្លះកូនរបស់គាត់ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុង ហើយមិនសូវញ៉ាំបាយឡើយ ដោយកូនរបស់គាត់បានញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងជាច្រើនប្រភេទជាប្រចាំ អស់រយៈពេលប្រហែល ៤ ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃក្មេងមានអាការៈធ្ងន់ធ្ងរ ។
សូមមាតា បិតា ឬអាណាព្យាបាលទាំងអស់ អប់រំណែនាំ និងគួរតែហាមឃាត់កូនៗរបស់លោកអ្នក កុំឱ្យញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងផ្សេងៗ ព្រោះវាផ្ដល់ផលប៉ះពាល់ច្រើនណាស់ ដល់សុខភាព និងមិនត្រឹមតែកុមារប៉ុណ្ណោះទេ មនុស្សគ្រប់វ័យ ក៏អាចប្រឈមផលប៉ះពាល់សុខភាព ហើយអាចឈានដល់បាត់បង់អាយុជីវិតទៀតផង ជាក់ស្ដែង ដូចករណីខាងលើនេះ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *