ព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលបានរាយការណ៍ថា ការធ្វើសមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ គឺត្រូវបានបិទបញ្ចប់ទៅវិញហើយបន្ទាប់ពីការធ្វើលំហាត់យោធាអស់រយៈពេល២ថ្ងៃ ក្នុងសកម្មភាពអ្វីដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើតេស្តមួយលើសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមយកកោះតៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយ CCTV-7 បានរាយការណ៍ថា យោធាចិនបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធ Joint Sword-2024A ដែលមានគោលដៅលើតៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ អំឡុងសមយុទ្ធយោធាចិន កាលពីថ្ងៃព្រហស្បតិ៍-សុក្រសប្តាហ៍នេះ ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះសរុបចំនួន១១១គ្រឿង ព្រមទាំងនាវារាប់សិបគ្រឿងមកឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់។
សមយុទ្ធយោធាខាងលើត្រូវចិនធ្វើឡើងនៅរយៈពេល៣ថ្ងៃ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មីគឺ លោក Lai Ching-te ស្បថចូលកាន់តំណែងជាផ្លូវការ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានលើកឡើងថា លោក Lai ប្រកាន់គោលជំហរប្រឆាំងយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ ខណៈដែលវាកំពុងរុញច្រានប្រជាជនតៃវ៉ាន់ទៅរកស្ថានការណ៍ដ៏អាក្រក់នៃភាពគ្រោះថ្នាក់និងសង្រ្គាម។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលជម្រើស ប្រើប្រាស់កម្លាំងយោធាឡើយ ប្រសិនបើចាំបាច់ ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ៕ ដោយ៖ ធីរីណា