ភ្នំពេញ ៖ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរប្រមាណជាង២ពាន់នាក់ ដែលកំពុងសិក្សា, បំពេញការងារ និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េពិចារណាបង្កើត ជើងហោះហើរថ្មីៗតភ្ជាប់ទីក្រុងអ៊ុនឈុន-ខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ-ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី និងលោកប្រធានាធិបតី យួន ស៊កយ៉ល បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា យ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសដ៏កក់ក្ដៅស្និទ្ធស្នាល អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើ វិស័យជាច្រើន រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំង ស្ថានការណ៍តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏ខ្លាំងក្លា នៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើរនេះ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដោយប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន ៖ នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ ការងារ ទេសចរណ៍ វប្បធម៌ បរិស្ថាន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដូចដែលមានចែងពិស្តារក្នុង «សេចក្តីថ្លែងការណ៍រួមស្តីពីការ បង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។ ក្នុងឱកាសនោះសម្តេចធិបតី បានស្នើ លោកប្រធានាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េពិចារណាបង្កើត ជើងហោះហើរថ្មីៗតភ្ជាប់ទីក្រុងអ៊ុនឈុន-ខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ-ខេត្តសៀមរាប៕