ប្រទេស​ចិន​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ឧសភា​នេះ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ របស់លោក ពូ​ទីន មកកាន់​ប្រទេស​ចិន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី នៅឯ​ទីក្រុង​ប៉េកាំង ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​៖ លោក ស៊ី​បាន​ថ្លែងប្រាប់​លោក ពូ​ទីន ដូច្នេះ​ថា «​ទំនាក់ទំនង​ចិន​-​រុស្ស៊ី មិន​ត្រឹមតែ​បម្រើ​ចំពោះ​ផលប្រយោជន៍​មូលដ្ឋាន នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួមចំណែក​ចំពោះ​សន្តិភាព​ពិភពលោក​ផងដែរ​។ ចិន​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងការ​ធ្វើការ​ជាមួយ​រុ​ស្ស៉ី ដើម្បី​រក្សា​ការពារ​តម្លាភាព​និង​យុត្តិធម៌ នៅលើ​ពិភពលោក​»​។ លោក ស៊ី បាន​បន្ថែមទៀត ទីក្រុង​ប៉េកាំង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​កសាង​ចំណងទាក់ទង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ជាមួយ​រុ​ស្ស៉ី​។​a putin china

​ចំណែក លោក ពូ​ទីន វិញ បាន​ប្រាប់​ទៅកាន់​លោក ស៊ីថា​ទំនាក់ទំនង​រុស្ស៊ី​-​ចិន គឺជា​កម្លាំង​ដែល​ជួយផ្តល់​ស្ថិរភាព សម្រាប់​ពិភពលោក​ដែល​សព្វថ្ងៃ​មាន​ភាពវឹកវរ​ច្រើន ។​លោក​ប្រធានាធិបតី​រុស្ស៊ី បាន​បន្តថា ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ មិន​មែនមាន​លក្ខណៈ​ឱកាសនិយម ឬក៏​មាន​គោលដៅ​ប្រឆាំង​ប្រទេស​ផ្សេង​ណាមួយ​ឡើយ​។ លោក ពូ​ទីន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា «​កិច្ចសហប្រតិបត្តិការ​របស់​យើង ក្នុង​បញ្ហា​អន្តរជាតិ​ផ្សេងៗ គឺជា​កត្តា​ជួយផ្តល់​ស្ថិរភាព នៅលើ​ឆាក​អន្តរជាតិ​»​។​

​គួរ​បញ្ជាក់ថា ចិន និង​រុស្ស៊ី​បានប្រកាស​ពី «​ភាពជា​ដៃគូ​គ្មាន​ព្រំដែន​» កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ នៅពេលដែល​លោក ពូ​ទីន ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុននឹង​លោក​ប្រធានាធិបតី​រុ​ស្ស៉ី បញ្ជា​ឱ្យ​កងទ័ព​របស់លោក​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​។ ដោយ​ជ្រើសរើស​ចិន​ជា​គោលដៅ ធ្វើ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​លើកដំបូង ចាប់តាំងពី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ក្នុង​អាណត្តិ​ថ្មី​មាន​រយៈពេល​៦​ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ លោក ពូ​ទីន ចង់​បញ្ជូន​សារ​មួយ​ទៅកាន់​ពិភពលោក​ពី​អាទិភាព​របស់លោក និង​ភាព​ស៊ីជម្រៅ​នៃ​ទំនាក់ទំនង​ជាមួយ​លោក ស៊ី ជីន​ពីង​។

​ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ចាត់ទុកថា «​ការ​ខិតជិត​គ្នា​រវាង​ម៉ូ​ស្កូ​និង​ប៉េកាំង ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​កក់ក្តៅ ហើយ​ជា​កម្លាំងចលករ​ជំរុញ​ស្ថិរភាព​នៅលើ​ឆាក​អន្តរជាតិ​។ មិត្ត​ភាពជា​យុទ្ធសាស្ត្រ​នេះ ពុំមែន​ជាការ​ឆ្លៀត​ឱកាសនិយម ឬ​ដឹកនាំ​ឆ្ពោះទៅ​ប្រឆាំង​នរណា​១​ឡើយ​»​។​​ចំពោះ​កិច្ចសហការ​ទ្វេភាគី លោក ពូ​ទីន ប្រកាសថា អាចមាន​ចាប់តាំងពី​ផ្នែក​ថាមពលនុយក្លេអ៊ែរ រហូតដល់​វិស័យ​ចំណីអាហារ ដោយ​មិន​រំលង​ពី​ការផលិត​រថយន្ត​ចិន​នៅ​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​រុស្ស៊ី RIA Novosti​។ បើតាម​ប្រ​ភ​ពី​វិមាន​ក្រេ​ម​ឡាំង​ដែល​បញ្ជាក់​កាលពី​ក្នុង​សប្តាហ៍ ថ្នាក់ដឹកនាំ​កំពូល​ទាំង​ទ្វេ នឹង​ពិភាក្សាគ្នា​អំពី​វិស័យ​អភិវឌ្ឍ​កិច្ចសហការ​ចិន​-​រុស្ស៊ី ដោយ​ដោះដូរ​គំនិត​យល់ឃើញ​ប្លែកៗ​ជុំវិញ​សំណុំរឿង​តំបន់​និង​អន្តរជាតិ ទៀតផង​។​

​បើតាម​អ្នកជំនាញ​កិច្ចការ​ចិន​និង​រុស្ស៊ី មាន​សំណុំរឿង​សំខាន់ៗ​យ៉ាងហោច ៣ ដែល​លោក ពូ​ទីន និង​លោក ស៊ី ត្រូវ​ជជែក​គ្នា​។ ពោលគឺ ទី​១ ជុំវិញ​វិស័យ​សន្តិសុខ​ការពារជាតិ​រុស្ស៊ី ដែល​រុស្ស៊ី​ត្រូវការ​ជំនួយ​គាំទ្រ​ពី​ចិន​។ ទី​២ ករណី​កូរ៉េខាងជើង ដែល​រុស្ស៊ី​ក៏​បន្ត​ចាប់អារម្មណ៍​ចង់បាន​គ្រឿង​សព្វាវុធ​របស់​ក្រុង​ព្យុងយ៉ាង​។ ទី​៣ បញ្ហា​ហិរញ្ញវត្ថុ ទូទាត់​សាច់ប្រាក់​រវាង​ក្រុមហ៊ុន​ចិន​និង​រុស្ស៊ី ដ្បិតថា ក្រុមហ៊ុន​ចិន កាន់តែ​ប្រយ័ត្ន​ខ្លាំងៗ ខ្លាច​ជាប់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​របស់​បស្ចិម​លោក​។ ពេលនេះ មាន​អ្នកជំនួញ​ចិន​រុស្ស៊ី ៨ នាក់​ហើយ​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក ដែល​ទើបនឹង​ប្រកាស​ថ្មីៗ ពាក់ព័ន្ធ​ជុំវិញ​ការ​ជ្រោមជ្រែង​ផ្នែក​លុយកាក់ អនុញ្ញាត​ឲ្យ​រុស្ស៊ី​បំពាក់បំប៉ន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​នៅលើ​ទិដ្ឋភាព​ជាក់ស្តែង រុស្ស៊ី​ត្រូវការ​ចិន ដើម្បី​ជា​ដៃគូ​ផ្តល់​គ្រឿង​បង្គំ​សម្ភារៈ​បរិក្ខារ​ផ្សេងៗ ហើយ ដើម្បី​បញ្ចេញ​លក់​ថាមពល ប្រេង និង​ឧស្ម័ន​រុស្ស៊ី ដែល​កំពុង​ជាប់​ទណ្ឌកម្ម​របស់​ប្រទេស​បស្ចិម​លោក​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន អនុញ្ញាត​ឲ្យ រដ្ឋបាល​ក្រុង​ម៉ូស្គូ អាច​បង្កើន​ផលិតកម្ម​អាវុធ មី​ស៊ី​ល ដ្រូ​ន និង​រថ​គ្រោះ​របស់ខ្លួន​។ ភាគី​រដ្ឋបាល​ក្រុង​ប៉េកាំង​វិញ ក៏ត្រូវ​ការ វត្ថុធាតុដើម​របស់​រុស្ស៊ី ខ្លាំង​ណាស់ដែរ ដើម្បី​បំប៉ន​ម៉ាស៊ីន​ឧស្សាហកម្ម​របស់ខ្លួន ហើយ​ចិន​ក៏​ត្រូវការ​ទីផ្សារ​រុស្ស៊ី​ដើម្បី​លក់​រថយន្ត​ចិន​។ ឡាន​ចិន បានក្លាយ​ជាទី​ផ្សារ​ទី​១ នៅ​រុស្ស៊ី ។​

​តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​មក កាន់តែ​ធ្វើ​ឲ្យ​ចំណង​ពាណិជ្ជកម្ម​ចិន​-​រុស្ស៊ី បាន​រីកធំឡើងៗ រហូតដល់​ទំហំ ២៤០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣​។ នេះ​បើតាម​ទីភ្នាក់ងារ​គយ ចិន​។​
​តាម​គម្រោង ថ្ងៃ​ព្រហស្បតិ៍ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ នឹងចូលរួម​រាត្រីសមោសរ ស្តីពី​ទំនាក់ទំនង​ស្អិតល្មួត ៧៥ ឆ្នាំ រវាង​ចិន​និង​រុស្ស៊ី​។ ថ្ងៃ​សុក្រ ទី​១៧​ឧសភា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹង​បន្ត​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ស្រុក​ចិន ដោយ​តម្រង់​ឆ្ពោះទៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា តំបន់​ហារ​ប៊ិន ប៉ែក​ភាគ​ឦសាន​ប្រទេស​ចិន​។ វិទ្យាស្ថាន​ចិន​មួយ​នេះ ជា​មណ្ឌល​មណ្ឌល​ស្រាវជ្រាវ​ផលិត​មី​ស៊ី​ល​និង​សិក្សា​អាវ​កាស​។ ខែឧសភា ឆ្នាំ​២០២០ សហរដ្ឋអាមេរិក បានដាក់​វិទ្យាស្ថាន​ហារ​ប៊ិន ក្នុង​បញ្ជីខ្មៅ​ទណ្ឌកម្ម​។ វិទ្យាស្ថាន​ហារ​ប៊ិន ឋិត​ក្នុង​ក្រុង​ដែលមាន​ពលរដ្ឋ​រុស្ស៊ី​រស់នៅ​ច្រើន​ផង ហើយ​និង​វា​បង្កើតឡើង​នៅ​ឆ្នាំ​១៩២០ ដើម្បី​ជួយ​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​ផ្លូវដែក និង​ចែករំលែក​ចំណេះដឹង​របស់​សហភាព​សូ​វៀត ទៅ​ចិន​កុ​ម្មុយ​និ​ស្ត​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ