ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលការិយាល័យចរាចរណ៍ និងនគរបាលការិយាល័យអន្តរាគមន៍តម្រួតបទបញ្ជារាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់លើយានយន្តពាក់ផ្លាកលេខ-«នគរបាល» ដែលមានភាពខុសប្រក្រតី ពោលគឺមិនត្រឹមត្រូវតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។a car police
ការចុះអនុវត្តការត្រួតពិនិត្យ បានធ្វើឡើងនៅព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ការអនុវត្តពេញព្រឹកថ្ងៃដំបូង សមត្ថកិច្ចបានរកឃើញយានយន្តមួយចំនួនពាក់ផ្លាកលេខ«នគរបាល»ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដែលអនុញ្ញាតិឲ្យតែឡានជាសម្បតិរដ្ឋពាក់។ ម្ចាស់យានយន្ត ប្រើផ្លាកលេខដែលពុំបានចុះបញ្ជីនៅក្រសួង ហើយកិបផ្លាកលេខដោយខ្លួនឯង ។ ដូច្នេះហើយ សមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយដោះចេញយកមករក្សាទុក រួចធ្វើការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ទាក់ទងឡានប្រើផ្លាកលេខន.បសមត្ថកិច្ចបានឱ្យដឹងថា យានយន្តពាក់ផ្លាកលេខ«នគរបាល» ដែលធ្វើដំណើរឆ្លងកាត់គោលដៅសមត្ថកិច្ច គឺត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ។ ក្នុងករណីដែលពិនិត្យឯកសារមើលទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីនៅក្រសួង និងមានបិទឡូហ្គោនគរបាលជាតិនៅរថយន្តត្រឹមត្រូវហើយនោះ គឺអនុញ្ញាតឱ្យបន្តដំណើរទៅមុខបាន ប៉ុន្តែបើមានភាពខុសប្រក្រតីណាមួយ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។ ទោះបីជាយ៉ាងណា មន្ត្រីសមត្ថកិច្ចមិនទាន់ឱ្យដឹងពីការរកឃើញចំនួនយានយន្តប្រើផ្លាកលេខសេះហោះនៅឡើយទេ ៕