ប្រទេសរុស្ស៊ី៖លោកស៊ែហ្គេឆយហ្គូ( Serguei Choigou)នៅថ្ងៃអាទិត្យ ទី ១២ ឧសភាត្រូវបានលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដកពីតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលលោកបានកាន់កាប់តាំងពីឆ្នាំ ២០១២ មក។ ការដកតំណែងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយលោក ពូទីន បានធ្វើសច្ចាប្រណិធាន ឡើងកាន់តំណែងជាប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី ៥ និង ក្នុងស្ថានភាព ដែលសង្គ្រាមអ៊ុយក្រែន បន្តឆាបឆេះអស់ជាង ២ ឆ្នាំ មកហើយមិនទាន់ចប់។ លោក ស៊ែកហ្គី ឆយហ្គូ នឹងត្រូវជំនួសដោយ លោកអង់ដ្រេប៊ូលូសូវ(
សូមរំឭកថា លោក Choigou បច្ចុប្បន្នមានវ័យ ៦៨ ឆ្នាំ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ តាំងពីឆ្នាំ ២០១២ និង បានដើរតួយ៉ាងសំខាន់ ក្នុងគោលនយោបាយរក្សាស្ថិរភាព ក្រោមរដ្ឋាភិបាលច្រើនអណត្តិ ដឹកនាំដោយ លោក វ្ល៉ាឌីមៀរ ពូទីន។ផ្អែកតាមវិមានក្រេមឡាំង លោក Serguei Choigou នឹងប្តូរទៅកាន់តំណែងជា អគ្គលេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខ ដោយជំនួសលោក Nikolai Patrouchev។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក ឌ្មីទ្រី ពេស្កូវ លំអិតថា ទោះបីលោក Choigou លែងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិក៏ពិតមែន តែលោក នៅតែបន្តបំពេញការងារក្នុងវិស័យនេះ ត្បិតថា លោកជាមនុស្សម្នាក់ ដែលមានបទពិសោធ ច្រើនឆ្នាំ និង ស្គាល់ច្បាស់ ពីសំណុំរឿងនានា។
តែយ៉ាងណា បើយោងតាមសំដីរបស់ លោក ឌ្មីទ្រី ពេស្កូវ ដដែល លោក វ្ល៉ាឌីមៀរ ពូទីន សម្រេចដករូបលោក Serguei Choigou ដើម្បីឆ្លើយតបនឹងតម្រូវការ ជាក់ស្តែងក្នុង សមរភូមិប្រយុទ្ធ នៅអ៊ុយក្រែនផ្ទាល់ ដែលអស់រយៈពេលជាង ២ ឆ្នាំមកនេះ រុស្ស៊ីនៅតែពុំទាន់ដណ្តើមជ័យជំនះ បានទាំងស្រុង។ លោក ពេស្កូវ បន្ថែមទៀតថា វិស័យយោធារុស្ស៊ីត្រូវការចាំបាច់នូវ គំនិតថ្មីៗ និង ឈានមុខ ដើម្បីបង្កលក្ខណៈ ងាយស្រួល សម្រាប់ការក្រតួតប្រជែង ផ្នែកសេដ្ឋកិច្ច។ យ៉ាងណាមិញ ប៉ុន្មានខែចុងក្រោយនេះ លោក ពូទីន បានលើកទឹកចិត្ត និងជម្រុញ ឧស្សាហកម្មយោធារុស្ស៊ី ឲ្យបញ្ចូលគំនិតថ្មីៗ និង បង្កើនការផលិត គ្រឿងសព្វាវុធ ដើម្បីបំពេញតម្រូវការដល់ សមរភូមិប្រយុទ្ធនៅអ៊ុយក្រែន។គួរបញ្ជាក់ដែរថា ក្នុងវ័យ ៦៥ ឆ្នាំ លោក Andrei Belooussov រដ្ឋមន្ត្រីការពារជាតិថ្មី ធ្លាប់កាន់តំណែង ជាឧបទី១នៃនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ២០២០ និង ជាទីប្រឹក្សាសេដ្ឋកិច្ចមួយដ៏ជំនិតម្នាក់ របស់លោក វ្ល៉ាឌីមៀរ ពូទីន នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕