រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី ចិន អុីរ៉ង់ និងកូរ៉េខាងជើងកាន់តែជិតស្និទ្ធ អាចធ្វើឱ្យអស្ថិរភាពសន្តិសុខក្នុងតំបន់និងពិភពលោក។
ការផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មសព្វាវុធរបស់សភាកាលពីថ្ងៃទី 30 ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអត្ថាធិប្បាយថា ទំនាក់ទំនងរវាងរុស្ស៊ី ចិន អុីរ៉ង់និងកូរ៉េខាងជើងគឺកាន់តែជិតស្និទ្ធ។ “វ៉ាស៊ីនតោនមានការព្រួយបារម្ភថា ទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងចិន រុស្ស៊ី កូរ៉េខាងជើងនិងអុីរ៉ង់អាចធ្វើឱ្យសន្តិសុខក្នុងតំបន់និងពិភពលោកមានអស្ថិរភាព។ ជាឧទាហរណ៍ ក្នុងអំឡុងជម្លោះក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានទទួលមីស៊ីលផ្លោងនិងគ្រាប់រំសេវពីកូរ៉េខាងជើង យន្តហោះគ្មានមនុស្សបើក (UAVs) ពីប្រទេសអុីរ៉ង់ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិ ឬនៅឧបទ្វីបកូរ៉េ ការមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ បានជួយឱ្យទីក្រុងព្យុងយ៉ាងកាន់តែមានទំនុកចិត្តនៅក្នុងតំបន់”។
លោករដ្ឋមន្ត្រី Austin ក៏បានកត់សម្គាល់ផងដែរថា ដើម្បីទប់ស្កាត់ទំនាក់ទំនងខាងលើមិនឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសន្តិសុខពិភពលោក សហរដ្ឋអាមេរិកបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន ឧទាហរណ៍ ដូចជាការចុះហត្ថលេខាលើការប្តេជ្ញាចិត្តទ្វេភាគី ត្រីភាគី និងពហុភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង។
បច្ចុប្បន្ននេះ រុស្ស៊ី ចិន អុីរ៉ង់ និងកូរ៉េខាងជើងមិនទាន់ឆ្លើយតបនឹងការលើកឡើងរបស់លោក Austin ទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រឈមមុខនឹងការចោទប្រកាន់ថា ផ្តល់ជំនួយអាវុធដល់រុស្ស៊ី ក្នុងជម្លោះនៅអ៊ុយក្រែន កូរ៉េខាងជើងបានបដិសេធ។ អុីរ៉ង់ក៏បាននិយាយផងដែរថា UAVs របស់ខ្លួនដែលបង្ហាញខ្លួននៅក្នុងប្រទេសរុស្ស៊ីត្រូវបានទិញដោយទីក្រុងមូស្គូ មុនពេលធ្វើយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន៕ ដោយ៖ ធីរីណា