កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបាន ជនជាខ្មាន់កាំភ្លើងនិងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ ។
ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាដែលលោកដឹកនាំប្រជុំគណកម្មការអុំទូក ។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះ មានតួនាទី បុណ្យសក្តិ និងកូនអ្នកធំណាក៏ដោយ ។ រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខដើម្បីឱ្យអ្នកវិនិយោគនិងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ ។
ដើម្បីជៀសវាងការភ័យខ្លាច ពីសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តមកលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្ត បាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ ។
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ គឺ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែរ ស្ថិតនៅចំនុចភូមិថ្មីន(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងលោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារ ចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវ ឈានដល់ការកសាងនីតិវិធីចាត់ការចំពោះជនខ្មាន់កាំភ្លើងនិងបក្សពួកទាំងនោះ ៕ ប៊ុត សារុន