ខេត្តសៀមរាប ៖ ក្នុងដំណើរនិមន្តទៅកាន់ខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រះអង្គធម្មវនវាសី ចន្ទ មុនី និងសូត្រស្តាំដែលមានពុទ្ធបរិសទ័ខ្ទងពាន់នាក់ទទួលស្វាគមន៍ព្រះអង្គ បាននិមន្តទៅថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ដល់កុដិព្រះអង្គ ក្នុងវត្តបូរណ៍ ក្រុង-ខេត្តសៀមរាប ។សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ព្រះថេរដីកា ផ្តាំផ្ញើចំពោះព្រះអង្គធម្ម វនវាសី ចន្ទ មុនីថា “សំខាន់បំផុតបង្កើតពុទ្ធិកសិក្សា សម្រាប់កសាងធនធានព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា “។a monk sem
ព្រះអង្គធម្មវនវាសីចន្ទមុនីទោះបីជាមានពុទ្ធបរិស័ទគាំទ្ររាប់ម៉ឺននាក់តែព្រះអង្គបានបំពេញនូវកាតព្វកិច្ចជាព្រះអនុថេរចូលទៅក្រាបថ្វាយបង្គំព្រះអង្គគ្រូ ពិន សែម ដែលជាព្រះមហាថេរ និងជាព្រះថេរៈដែលមានវស្សាចាស់(វ័យចំណាស់)ដែលនេះជាឥរិយាបថដ៏ប្រពៃសម្រាប់ឲ្យព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គយកគំរូតាម។ ព្រះអង្គធម្ម វនវាសី ចន្ទមុនី ពិតជាព្រះសង្ឃដែលមានគុណធម៌គួរឲ្យគោរពកោតក្រែងរអែងចិត្តដោយមួយរយៈនេះឃើញមានអ្នកតូចអ្នកធំមន្ត្រីអ្នកមុខអ្នកការស្កាត់ពីនាយដល់អាយចូលក្រាបថ្វាយបង្គំព្រះអង្គយ៉ាងច្រើនហូរហែដើម្បីសុំសុខសុំលាភសុំជ័យពីព្រះអង្គដោយកោតសរសើរពីបុណ្យបារមីរបស់ព្រះអង្គមិនដាច់ពីមាត់ហើយអ្នកខ្លះក៏បានធូរស្បើយពីជំងឺតម្កាត់ទាំងឡាយផងដែរ។
ដោយឡែកក្រៅពីនៅវត្តបូរណ៍ នៅប្រាសាទអង្គរវត្ត ក៏មានប្រជាពលរដ្ឋជាតិនិងអន្តរជាតិ រាប់ម៉ឺននាក់ រង់ចាំព្រះអង្គកាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីសុំការប្រាស់ព្រំ ថ្វាយបង្គំ គោរព ប្រណិប័តន៍ ។ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាច្រើន បន្ទាប់ពីទទួលព័ត៌មានថា ព្រះអង្គធម្មវនវាសី ចន្ទ មុនី និមន្តទៅទេសនា នៅវត្តអង្គរខាងជើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះសូម្បីតែប្រជាជនថៃ រាប់ម៉ឺននាក់គ្រោងនឹងមកកាន់ខេត្តសៀមរាប ដើម្បីក្រាបបង្គំព្រះអង្គ សុំសេចក្តីសុខចម្រើន មានលាភមានជ័យ ៕