សភាតំណាងរាស្រ្តថៃបានបោះឆ្នោតអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយនាំប្រទេសអាស៊ីអាគ្នេយ៍មួយជំហានកាន់តែខិតជិតក្លាយជាទឹកដីទីបីក្នុងអាស៊ី ដើម្បីធានាសិទ្ធិអាពាហ៍ពិពាហ៍ស្មើគ្នា។សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីការអានលើកទីបី និងចុងក្រោយដែលមានសមាជិកសភាចំនួន 400 នាក់បានបោះឆ្នោតគាំទ្រ ហើយមានតែសមាជិកសភាចំនួន 10 នាក់ប៉ុណ្ណោះដែលជំទាស់។
ច្បាប់នេះនៅតែទាមទារការយល់ព្រមពីព្រឹទ្ធសភា និងហត្ថលេខារបស់ព្រះមហាក្សត្រ មុនពេលចូលជាធរមាន ដំណើរការដែលអាចចំណាយពេលរាប់ខែ។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងជាទឹកដីទីបីក្នុងទ្វីបអាស៊ីដែលអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីតៃវ៉ាន់ (ចិន) ធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅឆ្នាំ 2019 និងនេប៉ាល់នៅឆ្នាំ 2023។
Plaifah Kyoka Shodladd សមាជិកនៃគណៈកម្មាធិការវាយតម្លៃនៃច្បាប់នេះបានប្រាប់រដ្ឋសភាថា “យើងកំពុងសរសេរទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រថៃ ហើយនឹងផ្លាស់ប្តូរសង្គមថៃជារៀងរហូត”។ «ស្ថានភាពសង្គមបានប្រែប្រួល វាដល់ពេលដែលច្បាប់ត្រូវតាមទាន់បច្ចុប្បន្ន»។
សេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ដែលអនុម័តដោយសភាតំណាងរាស្រ្តមានការគាំទ្រពីគ្រប់ភាគីធំៗ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃថាជាប្រទេសមិត្តភាពបំផុតមួយក្នុងតំបន់សម្រាប់ស្ត្រីស្រឡាញ់ភេទដូចគ្នា និងមនុស្សកែភេទ។
គណបក្សនយោបាយធំៗជាច្រើនដែលឈរឈ្មោះក្នុងការបោះឆ្នោតកាលពីឆ្នាំមុនបានសន្យាលើកកម្ពស់សមភាពអាពាហ៍ពិពាហ៍ជាផ្នែកនៃយុទ្ធនាការរបស់ពួកគេ រួមទាំងគណបក្សឆ្ពោះទៅមុខ ដែលបានទទួលអាសនៈច្រើនជាងគេ៕ ដោយ៖ ធីរីណា