ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីកម្រិត 4.8 រ៉ិចទ័រ បានកើតឡើងនៅជិតទីក្រុងញូវយ៉ក នាព្រឹកថ្ងៃទី 5 ខែមេសា(ត្រូវនឹងថ្ងៃទី៦ នៅកម្ពុជា) ដោយអង្រួនអគារនៅតាមបណ្តោយឆ្នេរខាងកើត និងធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនៅក្នុងតំបន់ដែលការរញ្ជួយដីកម្រកើតឡើង។
ចំណុចកណ្តាលនៃការរញ្ជួយដីមានទីតាំងនៅ Tewksbury (កណ្តាលរដ្ឋ New Jersey) ប្រហែល 64 គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងញូវយ៉ក។ ការរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល 10 និង 20 នាទីព្រឹក (ម៉ោងក្នុងតំបន់) ក្នុងជម្រៅ 4.7 គីឡូម៉ែត្រ។
ប្រជាជនពីទីក្រុង Baltimore ទៅ Boston បាននិយាយថា ពួកគេមានអារម្មណ៍ញ័រ។ លោកCharita Walcott អាយុ 38 ឆ្នាំជាអ្នកស្រុកនៅទីក្រុង Bronx ទីក្រុងញូវយ៉កបាននិយាយថា ការរញ្ជួយដីមានរយៈពេលប្រហែល 30 វិនាទី។
នៅទីស្នាក់ការអង្គការសហប្រជាជាតិកណ្តាលទីក្រុង Manhattan នាយកប្រតិបត្តិនៃអង្គការ Save the Children បានឈប់និយាយភ្លាមៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខអំពីជម្លោះអុីស្រាអែល និងហ្គាហ្សា នៅពេលដែលកាមេរ៉ាចាប់ផ្តើមញ័រដោយការរញ្ជួយដី។
+មិនមានការបំផ្លិចបំផ្លាញធំត្រូវបានគេរាយការណ៍ទេ ប៉ុន្តែអភិបាលក្រុងញូវយ៉ក Kathy Hochul បានព្រមានអំពីលទ្ធភាពនៃការរញ្ជួយដី។ ក្រុមជំនាញកំពុងពិនិត្យប្រព័ន្ធផ្លូវ និងស្ពាន ដើម្បីធានាសុវត្ថិភាព។ អ្នកស្រី Hochul បាននិយាយថាវាគឺជា “ការរញ្ជួយដីដ៏ធំបំផុតមួយនៅលើឆ្នេរខាងកើតក្នុងសតវត្សកន្លងមកនេះ”។
អភិបាលក្រុងញូវយ៉ក លោក Eric Adams ក៏បានបញ្ជាក់ផងដែរថា មិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែបានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរកសុវត្ថិភាព ប្រសិនបើពួកគេមានអារម្មណ៍ថាមានរញ្ជួយដី។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Joe Biden បាននិយាយជាមួយមន្ត្រីក្នុងតំបន់អំពីការរញ្ជួយដី ហើយអាជ្ញាធរនឹងផ្តល់ជំនួយប្រសិនបើចាំបាច់៕ ដោយ៖ ធីរីណា