ខេត្តកំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ ស្រទាប់ (DBST) ឱ្យកាន់តែប្រសើរជាងមុន ដើម្បីងាយ ស្រួលក្នុងការបញ្ជៀសចរាចរណ៍ទៅ,មករបស់អ្នកធ្វើដំណើរ ដែលការជួសជុលនេះស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តកំពង់ស្ពឺ បានដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ថា ដោយមើលឃើញពីតម្រូវការចាំបាច់អំពីកំណើនទេសចរណ៍ដែលទៅលេងកម្សាន្តនៅលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ) ពី១ ឆ្នាំ ទៅ១ឆ្នាំ កាន់តែមានភ្ញៀវមកកម្សាន្តច្រើន ទើប លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ទីរជំនាញ និងមន្ត្រីបច្ចេកទេសធ្វើការពង្រីកតួផ្លូវឱ្យកាន់តែធំ និងជួសជុលជង្ហុកដែលខូចខាតដោយ សារតែទឹកភ្លៀងកន្លងមកឱ្យប្រសើរឡើងវិញ។
លោកប្រធានមន្ទីរ បានឱ្យដឹងបន្តទៀតថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ។ បច្ចុប្បន្ន មន្ទីរបានថែទាំជាប្រចាំ និងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ មន្ទីរបានពន្លឿនការជួសជុលឡើងវិញបានល្អប្រសើរឱ្យរួចមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០២៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលមកលេងកម្សាន្តលើរមណីយដ្ឋានធម្មជាតិមួយនេះ។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការជួសជុលបានជួបផលវិបាកខ្លះដោយសារតែស្ថានភាពផ្លូវឡើងភ្នំហើយបត់បែនជាច្រើនកន្លែង គ្រឿងចក្រខ្លះមិនអាចប្រើបច្ចេកទេសដូចផ្លូវរាបស្មើបានឡើយ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម ដែលកសាងឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ (ព្រះមរមរតនកោដ្ឋ)៕