កាលពីថ្ងៃទី២៤ ខែមីនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យអង្គភាពរថក្រោះដែលមានទីស្នាក់ការនៅខេត្ត North Hwanghae ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពរថក្រោះមួយ ដែលធ្លាប់បានវាយលុកចូលទីក្រុងសេអ៊ូលអំឡុងសង្រ្គាមកូរ៉េ និងអំពាវនាវឱ្យមានការត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតសម្រាប់ការប្រយុទ្ធ។
ទំនាក់ទំនងអន្តរកូរ៉េ កំពុងស្ថិតនៅក្នុងចំណុចទាបបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលយោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធជាបន្តបន្ទាប់ក្នុងនោះរួមមានទាំងមីស៊ីល និងបាញ់កាំភ្លើងធំ ខណៈកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពរថក្រោះ Seoul Ryu Kyong Su Guards ទី១០៥ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយមាន រូបភាពខ្លះបង្ហាញពីសកម្មភាពលោក គីម កំពុងត្រួតពិនិត្យពីផែនការវាយប្រហារលើកូរ៉េខាងត្បូង ក្នុងករណីមានជម្លោះណាមួយផ្ទុះឡើង។
KCNA បានគូសបញ្ជាក់ដូច្នេះថា «អង្គភាពរថក្រោះនេះ…ធ្លាប់បានវាយលុកចូលទីក្រុងសេអ៊ូលមុនគេ និងបានគ្រវីទង់ជាតិកូរ៉េខាងជើង នៅក្នុងរដ្ឋធានីមួយនេះ»។
កូរ៉េខាងជើង ក្នុងខែមីនានេះបានព្រមានសេអ៊ូលនិងវ៉ាស៊ីនតោនថានឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាដែល ព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈផ្ដួលរំលំរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។ ប៉ុន្មានថ្ងៃក្រោយការព្រមាននេះ លោក គីម បានដឹកនាំការធ្វើសមយុទ្ធយោធា របស់អង្គភាពកាំភ្លើងធំមួយ ដែលមានសមត្ថភាពវាយប្រហារលើទីក្រុងសេអ៊ូល៕ ដោយ៖ ធីរីណា