​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Neuralink ដែលជា​ក្រុមហ៊ុន​ថ្មីថ្មោង​របស់លោក អេ​ឡុន ម៉ាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា​ខ្លួន​បាន​ទទួល​ការយល់ព្រម​ពី​និយតករ​អាម៉េរិក​ដើម្បី​​ធ្វើតេស្តិ៍​ឧបករណ៍​ផ្សាំក្នុង​ខួរក្បាល​មនុស្ស​។​

​ក្រុមហ៊ុន Neuralink បាន​និយាយថា ការអនុញ្ញាត​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាម៉េរិក (FDA)​សម្រាប់​ការសិក្សា​គ្លីនិក​ចំពោះ​មនុស្ស​ជា​លើកដំបូង​របស់​ខ្លួន​នេះ​គឺជា “​ជំហាន​ដំបូង​ដ៏​សំខាន់​” សម្រាប់​បច្ចេកវិជ្ជា​របស់ខ្លួន ដែល​មាន​បំណង​អនុញ្ញាតឱ្យ​ខួរក្បាល​ធ្វើ​អន្តរ​កម្ម​ដោយផ្ទាល់​ជាមួយ​កុំព្យូទ័រ​។​

​ក្រុមហ៊ុន Neuralink បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​នៅលើ Twitter​ថា “​យើង​ពិតជា​រំភើប​ក្នុង​ការចែករំលែក​ថា យើង​បាន​ទទួល​ការយល់ព្រម​ពី FDA​ដើម្បី​ចាប់ផ្តើម​ការសិក្សា​គ្លីនិក​​លើ​មនុស្ស​ជា​លើកដំបូង​។ នេះ​គឺជា​លទ្ធផល​នៃ​ការងារ​មិន​គួរឱ្យ​ជឿ​ដោយ​ក្រុមការងារ​របស់ Neuralink ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ FDA”​។​

​យោង​តាម​ក្រុមហ៊ុន Neuralink ការជ្រើសរើស​មនុស្ស​សម្រាប់​ការធ្វើ​តេស្តិ៍​គ្លីនិ​កមិនទាន់​ត្រូវបាន​បើក​នៅឡើយ​ទេ​។​

​លោក​ម៉ា​សបាន​និយាយ​ក្នុង​អំឡុងពេល​ធ្វើ​បទ​បង្ហាញ​នៅ​ក្រុមហ៊ុន​នេះ​កាលពី​ខែ​ធ្នូ​ថា គោលបំណង​នៃ​ឧបករណ៍​ផ្សាំ​របស់ Neuralink គឺ​ដើម្បី​ឱ្យ​ខួរក្បាល​មនុស្ស​អាចធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​កុំព្យូទ័រ​។​

​លោក​បាន​និយាយ​នៅពេល​នោះ​ថា “​យើង​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្សាំ​លើ​មនុស្ស​ដំបូង​របស់​យើង ហើយ​ជាក់ស្តែង​យើង​ចង់​ប្រុងប្រយ័ត្ន​បំផុត និង​ប្រាកដថា​វា​នឹង​ដំណើរការ​ល្អ​មុនពេល​ដាក់​ឧបករណ៍​ទៅក្នុង​ខួរក្បាល​មនុស្ស​”៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *