ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ លោករដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការនាយកគម្រោង ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។
រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក៕