ខេត្តប៉ៃលិន៖ ប្រភពពីមហាជននៅជិតកន្លែងកើតហេតុបានរៀបរាប់ប្រាប់សមត្តកិច្ចជំនាញស្រុកឱ្យបានដឹងថា នៅវេលាម៉ោង១៧និង១០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើកបររថយន្តមិនប្រុងប្រយ័ត្តក្នុងល្បឿនលឿនធ្វើឱ្យក្រឡាប់ដោយខ្លួនឯង នៅចំណុចក្បែរភ្នំដោះក្រមុំ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហេតុការណ៍នេះបានបណ្តាលឱ្យបុរសម្នាក់ស្លាប់ របួសធ្ងន់ម្នាក់និងខូចខាតរថយន្ត ០១គ្រឿងកម្រិតធ្ងន់(រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ)។
អ្នកបើកបរឈ្មោះចាន់ ធៀន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AY-5446(ខូចខាតកម្រិតធ្ងន់ត្រូវបានម្ចាស់យកទៅជួសជុលដោយខ្លួនឯង រីឯអ្នកបើកបររងរបួសមុខ នឹងក្បាលធ្ងន់)។
អ្នករួមដំណើរដែលរងរបួសដែរឈ្មោះ ចាន់ ត្រា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពបានបន្តថា ជនរងគ្រោះដែលរបួសធ្ងន់ទាំងពីរនាក់ពេលបញ្ជូននៅមន្ទីរពេទ្យខេត្តប៉ៃលិន ម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ឯម្នាក់ទៀតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងដោយរងរបួសធ្ងន់ធ្ងរ, ពេលបញ្ជូនជនរងគ្រោះចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទៅពេទ្យខេត្តបាត់ដំបងដល់ពាក់កណ្ដាលផ្លូវស្រាប់តែជនរងគ្រោះបានដាក់ខ្សល់ស្លាប់ទៅ)។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារអ្នកបើកបររថយន្តក្នុងទិសដៅពីលិចទៅកើតខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវកោងបើករថយន្តក្នុងល្បឿនលឿនក៏ក្រឡាប់តែម្ដង។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្តកិច្ចជំនាញនិងក្រុមគ្រូពេទ្យប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបងប្អូនជនរងគ្រោះយកទៅជួសជុល៕