ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្កុក-ចែកចាយផលិតផលទឹកដោះគោជូររំលោភលើកម្មសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។
បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើនេះ បានធ្វេីឡេីងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញប្រតិបត្តិការចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកដោះគោជូរម៉ាក Dutch Mill ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅទីតាំង១កន្លែងស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបញ្ជាក់ទៀតថា ៖ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ន នូវប្រភេទទឹកដោះគោជូរម៉ាក Dutch Mill (ចម្រុះ) ចំនួន ១៥៤កេស (កេសក្រដាស់បិទស្កុតផ្លុំបេ) យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីបន្ត៕