ភ្នំពេញ៖ ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ កើនដល់ ៥៩,៣១ពាន់លានដុល្លារ កើនឡើង ៤,៨ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២២។ទោះជាយ៉ាងណាវាជាអត្រាកំណើនឥណទានទាបបំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។ ធនាគារជាតិឲ្យបន្តតាមដានត្រួនពិនិត្យឥណទានដែលមិនដំណណើរការផងដែរ។a bank credit
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការបែងចែកប្រាក់កម្ចីតាមវិស័យរួមមានសណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង ០,៦ភាគរយ, ការលក់ដុំ កើនឡើង ៤,៨ភាគរយ, ការទិញលំនៅឋាន កើនឡើង ៦,៤ភាគរយ, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ, និងសំណង់ កើន ១៣,៩ភាគរយ។ ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារទាំងមូលមានចំនួន ៥,៤ ភាគរយ និងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៦,៧ភាគរយកាលពីឆ្នាំមុន។
តែលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅតែអះអាងថា ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងពេលដែលនៅបណ្តាប្រទេសមួយចំនួន ដូចជានៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពហិរញ្ញសកល។សម្រាប់ អត្រាការប្រាក់ឥណទាននៅកម្ពុជា ក៏រក្សាបានស្ថិរភាពល្អ បើទោះជាបានកើនឡើងបន្តិចបន្តួចចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើង នៅបណ្តាប្រទេសនានា ដោយសារការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ចម្បងៗ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជាមួគ្នានោះដែរ លោកស្រីទេសាភិបាលធនាគារជាតិ លើកឡើងថា ឥណទានមិន ដំណើរការក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់ លើការត្រួតពិនិត្យធនាគារ ការធ្វើ Stress Test ជាប់ជាប្រចាំការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពន្យល់ពីមូលហេតុនៃ ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០២៣ មានអត្រាកំណើ នទាបជាងបណ្តាឆ្នាំមុនៗ ដោយសារតម្រូវការឥណទានរបស់អតិថិជនសម្រាប់យកទៅប្រើប្រាស់ពង្រីកមុខរបរ ឬអាជីវកម្មផ្សេងៗ ហាក់មិនសូវមានសកម្មភាពខ្លាំងក្លា ពិសេសវិស័យ អចលនទ្រព្យ និងសំណង់។
លោកបានបញ្ជាក់ថា៖ «ហេតុផលដែលមានកំណើនទាប ដោយសារ Demand ផ្សារ ពីខាងអតិថិជន ឃើញថា ក្នុងស្ថានភាពសេដ្ឋកិច្ចយើងបច្ចុប្បន្ននេះ គឺថា តម្រូវការដើម្បីគាត់ពង្រីកអាជីវកម្ម ពង្រីកអ្វីផ្សេងៗមួយចំនួននោះ គាត់មានការទ្រឹង ឬគាត់មិនហ៊ានវិនិយោគឲ្យវាធំដុំ ក្នុងពេលនេះ។ ជាពិសេសទៀត ក្នុងវិស័យពីរដែលយើងមើលឃើញថា នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ ខ្ញុំមើលឃើញវា វាមានបញ្ហាធ្លាក់ចុះ កាលណាវិស័យពីរនេះ មានការធ្លាក់ចុះ ធ្វើឲ្យបរិយាកាសទូទៅឃើញថា អត្រាកំណើនវាមានការធ្លាក់ចុះបន្តិច»។
តែលោក សុខ វឿន បានអះអាថា ជាទូទៅអត្រាកំណើនឥណទានស្ថិតក្នុងរង្វង់ ៤ទៅ ៥% គឺនៅតែបង្ហាញពីភាពរឹងមាំនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលកំពុងដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អ។ នៅឆ្នាំ ២០២៤នេះ ការផ្តល់ឥណទានរបស់វិស័យ ធនាគារ និងហិរញ្ញវត្ថុ នឹងមានកំណើនល្អប្រសើរជាងឆ្នាំមុន ខណៈដែលទស្សនវិស័យ របស់វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅតែបន្តគាំទ្រ ក្នុងការចាក់បញ្ចូលលុយចូលទៅក្នុងសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការរបស់អតិថិជនយកទៅប្រើប្រាស់ ដែលធ្វើឲ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយរលូន និងដើម្បីការពារកម្រិតហានិភ័យរបស់វិស័យនេះឲ្យបន្តរីកចម្រើនប្រកបដោយនិរន្តភាពផងដែរ។
តាមការព្យាករណ៍ នៅឆ្នាំ ២០២៤នេះ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងមានអត្រាកំណើនចន្លោះពី ៥ទៅ ១៥% ខណៈកាលពីឆ្នាំ ២០២៣ មានអត្រាកំណើនក្នុងរង្វង់ ៣% ជាមួយទំហំឥណទានសរុបប្រមាណ ៥ពាន់លានដុល្លារ សម្រាប់សមាជិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមការបញ្ជាប់របស់ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។គិតត្រឹមឆមាសទី១ឆ្នាំ ២០២៣ កម្ពុជា មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៧ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស។
ទាក់ទងនិប្រាក់កម្ចីនេះដែរលោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Emerging Markets Consulting (EMC)បានឲ្យដឹងថា៖ មានកត្តាចំនួន ៤ ដែលនាំឲ្យប្រជាជនខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើតច្រើននៅតាមតំបន់ជនបទ ដោយមួយកន្លែងៗ មានអ្នកផ្ដល់សេវាមីក្រូហិរញ្ញវត្ថុច្រើនផ្ដុំគ្នា។ ២) ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិតទាបពេក។ ពួកគាត់ខ្ចីបុលមិនយកមកបម្រើសកម្មភាពបង្កើតប្រាក់ចំណូលទេ ប៉ុន្តែ ខ្ចីបំណុលមកដើម្បីដោះស្រាយចំណាយចាំបាច់ (ដូចជា ម្ហូបអាហារ និងមើលជំងឺ ជាដើម)។
បញ្ហានេះ មួយផ្នែកក៏បណ្ដាលមកពីកង្វះនៃសេវាសុខភាពសាធារណៈដែលមានគុណភាព និងអាចទុកចិត្តបាន។ បើយោងតាមការអង្កេត ២៧% នៃអ្នកខ្ចីបុល គឺខ្ចីយកមកសងថ្លៃព្យាបាលជំងឺ។ ៣) ការពង្រីកឱកាសអាជីវកម្ម ដោយសារលទ្ធភាពទិញទំនិញរបស់ប្រជាជនថ្នាក់កណ្ដាលមានការកើនឡើង។ មានន័យថា ប្រជាជនដែលមានជីវភាពធូរធារមធ្យម មានចំនួនកើនឡើង ហើយនេះជាផ្នែកនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ៤) ការផ្លាស់ប្ដូររបៀបរស់នៅរបស់ប្រជាជន ជាពិសេស ក្មេងៗជំនាន់ក្រោយចូលចិត្តប្រើសេវាហិរញ្ញវត្ថុ ដូចជា ខ្ចីប្រាក់ទិញរថយន្ត ទិញផ្ទះ ជាដើម។ ផ្អែកតាមទិន្នន័យពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្រជាជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ១.៩២១.៩៥៦នាក់ (យើងនិយាយបានថា ជិត ២លាននាក់)។ តួលេខនេះស្មើនឹងប្រហែល ២ភាគ៣នៃចំនួនគ្រួសារនៅកម្ពុជា (បើយើងសន្មតថា អ្នកខ្ចីម្នាក់តំណាងឲ្យមួយគ្រួសារ)។ ប៉ុន្តែ តួលេខអ្នកខ្ចីបុលអាចនឹងខ្ពស់ជាងនេះ ពីព្រោះមានប្រតិបត្តិករសេវាឥណទានចុះបញ្ជី និងមិនចុះបញ្ជី ព្រមទាំងអ្នកចងការប្រាក់ក្រៅផ្លូវការជាច្រើន ដែលមិនរាយការណ៍មកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក ង៉ែត ជូបានផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់ជាដំណោះស្រាយថា៖១. ធ្វើការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស តំណាងវិស័យមីក្រូហិរញ្ញវត្ថុដោយពិភាក្សាសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីផលលំបាកដែលប្រតិបត្តិករជួបប្រទះនិងរិះរកដំណោះស្រាយសមស្របដែលអាចធានាបាននូវនិរន្តរភាពរបស់ប្រតិបត្តិករនិងផលប្រយោជន៍អតិថិជនជាធំ។២. កាត់បន្ថយកាតព្វកិច្ចបង់ពន្ធរបស់ប្រតិបត្តិករដើម្បីបន្ធូរបន្ទុកនៃចំណាយថ្លៃដើម។ ពន្ធទាំងនោះ រួមមាន ពន្ធកាត់ទុកលើការប្រាក់សម្រាប់ម្ចាស់កម្ចីពីបរទេសចំនួន១៤%នៃការប្រាក់ដែលត្រូវបង់ដល់ម្ចាស់កម្ចី ពន្ធលើចំណូលពីការប្រាក់នៃបញ្ញើក្នុងស្រុក ៤% ទៅ ៦% និងពន្ធលើប្រាក់ចំណេញ។ល។
៣. លើកទឹកចិត្តដល់ប្រតិបត្តិករដែលធ្វើប្រតិបត្តិការផ្តល់ប្រាក់កម្ចីនៅតាមទីជនបទដាច់ស្រយាលតាមរយៈគោលនយោបាយលើកលែងពន្ធទូទៅក្នុងរយៈពេល២ឆ្នាំទៅ ៣ឆ្នាំដំបូង។៤. រដ្ឋាភិបាលមានកាតព្វកិច្ចកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុរបស់ប្រតិបត្តិករតាមរយៈការសម្របសម្រួលឲ្យទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបពីចន្លោះត្រឹម ៣% ទៅ៤% ក្នុង១ឆ្នាំ។ ប្រភពហិរញ្ញវត្ថុដែលមានការប្រាក់ទាបនេះត្រូវផ្តោតអាទិភាពដើម្បីផ្តល់ជាប្រាក់កម្ចីដល់កសិករនិងសហគ្រាសខ្នាតតូចតាមទីជនបទដើម្បីទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប អាចប្រកួតប្រជែងក្នុងវិស័យជំនួញជាមួយកសិករនិងសហគ្រាសនៃប្រទេសជិតខាង។៥. បង្កើតមូលនិធិដើម្បីកសាងសមត្ថភាពអាជីពផ្នែកមីក្រូហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ៕