ភ្នំពេញ៖ តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសប្តេជ្ញាចិត្តក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់ខ្លួនយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការក្នុងរយៈពេល៨ឆ្នាំ កន្លងមករបស់ខ្លួនអាជ្ញាធរបានបង្រ្កាបគ្រឿងញៀនគ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំ បានចំនួនជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង១២ម៉ឺននាក់។
ក្នុងឱកាសផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញឿន នៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង«ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤» ដើម្បីការពារកិត្តិយស កិត្យានុភាព បញ្ចៀសឲ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តៅនៅក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានគោលការណ៍ និងវិធាការ ជាច្រើនដែលត្រូវប្តេជ្ញាចិត្តរួមគ្នាធ្វើ។
នៅក្នុងគោលការណ៍ជារួម អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបញ្ចៀសឲ្យបានមិនឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញី បំផ្លិតបំផ្លាញសង្គមជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តឲ្យសម្រេចនូវការប្តេជ្ញាចិត្តថា«កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀនជាដើម»។
នៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំស្វែងរកគ្រប់ មធ្យោបាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្តឲ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គមសំដៅបង្កើតបានជាកម្លាំងសុរប មធ្យោបាយសរុប វិធានការសរុប ជាពិសេសស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក«៣កុំ ១រាយការណ៍»។
ជាមួយគ្នានេះ អាជ្ញាធរប្តេជ្ញាជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ«ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព»ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់ទីកន្លែងដោយចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យក់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគញ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនជាដើម។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផលនៃការ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១២០.៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាមរួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត៕