ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។ បុគ្គលទាំងពីរនាក់នេះបានចូលមកប្រទេសកម្ពុជាក្នុងគោលបំណងផលិតវីដេអូបំផ្លើសការណ៍ពិត អំពីសកម្មភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើបានថតសម្តែងផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួននិងវាយដំ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើបានថតសម្តែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាបនិងស្រែកឱ្យគេជួយ។
ក្រោយពីបានស្តាប់ចម្លើយនិងពិនិត្យភស្តុតាង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះតាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សាលាដំបូងខេត្តព្រះសីហនុបានបើកសវនាការជាសាធារណៈនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤ “ឋ- ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្ដន្ទាទោសឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LUTSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕