រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោក Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈ ទៅកាន់ហ្វូងអ្នកគាំទ្រក្នុងរដ្ឋធានីហ្សាកាតាថា “សម្ព័ន្ធ Prabowo-Gibran បានទទួលជ័យជម្នះ។ នេះជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់” ។ លោក Gibran Rakabuming Raka កូនប្រុសច្បងរបស់ប្រធានាធិបតីបច្ចុប្បន្ន Joko Widodo គឺជាបេក្ខជនអនុប្រធានាធិបតី និងជាសម្ព័ន្ធមិត្តរបស់លោក Subianto ។
លទ្ធផលក្រៅផ្លូវការបង្ហាញថា លោក Subianto ទទួលបានសំឡេងគាំទ្រជិត 60% ដោយហេតុនេះឈ្នះក្នុងការបោះឆ្នោតជុំទីមួយ។ លទ្ធផលផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងខែមីនា។
លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។ បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការរាប់បាន ៩៥ភាគរយ គិតត្រឹមកាលពីថ្ងៃពុធ លោក Prabowo និងដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះលោក Joko Widodo ទទួលបានសំឡេងគាំទ្រ ៥៨ភាគរយ ហើយដោយសារតែលោកទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ដូច្នេះមានន័យថាមិនចាំបាច់មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។
ចំណែក គូប្រជែងរបស់លោក គឺលោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ២៥ភាគរយ និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ១៧ភាគរយ។ ប៉ុន្តែ គេនៅត្រង់ រង់ចាំការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈមានការរំពឹងជាច្រើនថានឹងលទ្ធផលបោះឆ្នោតនឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤។
លោក Prabowo Subianto គឺជាសហស្ថាបនិកបង្កើតគណបក្ស Gerindra Party ក្នុងឆ្នាំ២០០៨ និងបានកាន់តំណែងជាប្រធានគណបក្សមួយនេះពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជា បេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក Prabowo កើតនៅក្នុងរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១។ លោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ដែលកើតចេញពីគ្រួសារអ្នកមាន និងមានឥទ្ធិពលបំផុតមួយ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ឪពុករបស់លោកមានឈ្មោះថា Soemitro Djojohadikusumo ជាធ្លាប់ជាអ្នកនយោបាយ និងសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់បានកាន់តំណែងជាច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Sukarno និងលោក Soeharto។ ចំណែកឯ ម្ដាយរបស់លោកមាន ឈ្មោះថា Dora Marie Siregar បានបញ្ចប់ការសិក្សាមុខជំនាញគិលានុបដ្ឋាយិកាជំនួយការវះកាត់ ក្នុងប្រទេសហូឡង់។
លោក Prabowo ក៏ជាចៅប្រុសរបស់លោក Margono Djojohadikusumo ផងដែរដែលជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (BNI) និងប្រធានដំបូងបំផុត នៃក្រុមប្រឹក្សាផ្ដល់យោបល់ជាន់ខ្ពស់ ដែលត្រូវបានរំលាយចោលក្នុងឆ្នាំ២០០៣។ លោក Prabowo បានចំណាយពេលភាគច្រើននៃកុមារភាពរបស់លោកនៅឯបរទេស ដោយសារតែឪពុក របស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno។ ដោយសារចំណាយពេលភាគច្រើនរស់នៅបរទេស លោក Prabowo អាចនិយាយភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញ។
លោក Prabowo បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤។ លោកបានកាន់តំណែងជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៩៨ និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។ លោកបានបម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ តែក្រោយមករូបលោកត្រូវបានបណ្ដេញចេញពីយោធា ក្រោយការដួលរលំនៃរបបដឹកនាំរបស់លោក Soeharto ក្នុងឆ្នាំ១៩៩៨។
លោក Prabowo បានរៀបការជាមួយកូនស្រីម្នាក់របស់លោក Soeharto គឺអ្នកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មាន អ្នកទាំង២ បានចែកផ្លូវគ្នា បន្ទាប់ពីលោក Soeharto លាលែងចេញពីតំណែង។ អ្នកទាំង២ មានកូនប្រុសម្នាក់ឈ្មោះ Didit Hediprasetyo ដែលជាអ្នករចនាម៉ូតម្នាក់ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ លោក Prabowo បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ចូលឥណ្ឌូណេស៊ីវិញ ក្នុងឆ្នាំ២០០១ ក្រោយរស់នៅនិរទេសខ្លួន ក្នុងប្រទេសហ្ស៊កដានី។
បន្ទាប់ពីបានត្រឡប់ចូលស្រុកវិញ លោក Prabowo បានបង្កើតក្រុមហ៊ុន Nusantara Energy និងបង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group រកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។
លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតសកល២លើករួចមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានក្លាយជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi ក្នុងឆ្នាំ២០១៩៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ