ព្រះវិហារ ៖ រថយន្តម៉ាកហ្វតចង្កួតស្តាំ ១គ្រឿង ដឹកឈើលេខ១ ប្រភេទឈើឈ្លីក រួមជាមួយរថយន្តម៉ាកសុីណា ១គ្រឿងទៀត ត្រូវក្រុមសមត្ថកិច្ចនគនរបាល បង្ក្រាបបាន ខណៈដឹកឈើឈ្លីក បើកបុកបារ៉ាសសមត្ថកិច្ច ដើម្បីបើកគេច តែគេចមិនរួច ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន កាលពីយប់ឈានចូលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

តាមការអោយដឹង ពីលោកវរសេនីយ៍ឯក រស់ សុធី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត បានអោយដឹងថា តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រៈវិហារ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឈួ ម៉ាឌី ស្នងការរងទទួលផែនសេដ្ឋកិច្ច ដែលបានកំណត់អោយការិយាយលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យកចិត្តទុកដាក់អនុវត្តន៍បញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។ ជាក់ស្តែងរថយន្តដឹកឈើខាងលើ បានដឹកឈើឈ្លីក ចេញពីស្រុកឆែប កាត់ស្រុកជ័យសែន ហើយត្រូវកម្លាំងអធិការនគរបាលស្រុកជ័យសែនតាមប្រម៉ាញ់ រថយន្តដឹកឈើបើករត់ចូលស្រុករៀង និងត្រូវកម្លាំងនគរបាលស្រុករវៀង ដាក់បារ៉ាសចាំស្ទាក់ចាប់ តែរត់យន្តដឹកឈើដឹងខ្លួន ក៏បានបើកបកពីស្រុករវៀង មកស្រុកត្បែងមានជ័យ ក៏ត្រូវកម្លាំងនគរបាលស្រុកត្បែងមានជ័យ ពួនស្ទាក់ត្រង់ចំណុចភូមិក្រាំងដូង រថយន្តដឹងឈើបានបើករត់ចូលស្រុកសង្គមថ្មី ក៏ត្រូវកម្លាំងអធិការស្រុក ស្ទាក់ចាប់បាននៅចំណុចស្រុកសង្គមថ្មីតែម្តង ។

ករណីនេះ ត្រូវបាននគរបាលសេដ្ឋកិច្ចតាមប្រម៉ាញ់ ពីក្រោយជាប់រហូត តែមិនអាចបង្រ្កាបបានដោយសារមានរថយត្តម៉ាកសុីណាមួយគ្រឿងទៀត ជាអ្នកបិទគូត ទើបរថយន្តសមត្ថកិច្ច ឡើងទៅមុខមិនរួច។ ទើបធ្វើអោយ ការបង្ក្រាបរថយន្តដឹកឈើខាងលើចំណាយពេល ស្ទើពេញមួយយប់ ចំណែកតៃកុងរថយន្តដឹកឈើ រត់បាត់ស្រមោល នៅតែក្រុមបិទគូតជាប់ខ្នោះសមត្ថកិច្ចចំនួន៣នាក់ រួមមាន ៖ ១-ឈ្មោះ ឱន ទែ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំក្រយា, ២-ឈ្មោះ នី ណាក់ ភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅ ភូមិសាក្រៀម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ៣-ឈ្មោះ ស៊ុន សុផល ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប ជនសង្សយ័ទាំងនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

លោក គឹម សំឡេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានអោយដឹងថា យោងតាមបញ្ជារបស់ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣រូប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងមានរថយន្ត ចំនួន២គ្រឿង រួមទាំងឈើលេខ១ ចំនួន១៣ដុំត្រូវប្រគល់ទៅអោយផ្នែក សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចាត់ការបន្តទៅតាមនិតិវិធី ស្តីពីច្បាប់ព្រៃឈើ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *