សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយថា ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចទទួលរងនូវការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយគេនឹងមិនអាចបង្ខំឱ្យរុស្ស៉ី បោះបង់ចោលផលប្រយោជន៍ដែលខ្លួនយកបាននោះទេ។
លោក ពូទីន បានធ្វើអត្ថាធិប្បាយតាមទូរទស្សន៍បែបនេះមួយថ្ងៃបន្ទាប់ពីស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ទៅតាមសំណើរបស់ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងបានច្រានចោលនូវអ្វីដែលគេហៅថាជារូបមន្តសន្តិភាព ដែលកំពុងត្រូវបានពិភាក្សាដោយលោកខាងលិច និងអ៊ុយក្រែន ហើយចាត់ទុកថាវាជាលក្ខខណ្ឌដែលមិនអាចទៅរួច។
លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើពួកគេមិនចង់ កុំចរចាអី។ បច្ចុប្បន្ន វាច្បាស់ណាស់ហើយថា មិនត្រឹមតែប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទេដែលបរាជ័យ ប៉ុន្តែគំនិតផ្តួចផ្តើមនេះក៏ស្ថិតក្នុងដៃ
រុស្ស៉ីទាំងស្រុងផងដែរ។ ប្រសិនបើការណ៍នេះនៅតែបន្ត ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចនឹងទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលមិនអាចជួសជុលបាន»។
បច្ចុប្បន្នរុស្ស៉ី កំពុងគ្រប់គ្រង ១៧.៥ភាគរយនៃទឹកដីអ៊ុយក្រែន។ ឈានចូលមកដល់ជិត២ឆ្នាំ សេចក្តីថ្លែងការណ៍របស់លោក ពូទីន អំពីដំណើរការនៃសង្រ្គាម ហាក់បីដូចជាកាន់តែមានទំនុកចិត្ត ជាមួយនឹងការវាយលុកកាន់តែខ្លាំងលើអ៊ុយក្រែន ក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយក៏ស្របពេលដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនមានភាពរីកចម្រើនតិចតួចបានផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កងកម្លាំងរុស្ស៉ី៕ ដោយ៖ ធីរីណា