ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំបិត បុ័ងតោ កាប់ ឱ្យរង របួស ធ្ងន់ និងខូចខាតម៉ូតូ ) ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំបិត បុ័ងតោ កាប់ឱ្យរង របួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិម៉ូតូ ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមមាន៖
១-ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
២-ឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
៣-ឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។
៤-ឈ្មោះ ម៉ើ សារីហ្វីន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
៥-ឈ្មោះ សយ គីមស្រ៊ុន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៦-ឈ្មោះ ឃុន មេនឋានៈ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៧-ឈ្មោះ ចាន់ លីហេង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៧៧ ផ្លូវលេខ៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
វត្ថុតាងដកហូតរួមមាន៖ កាំបិតបុ័ងតោ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GJ-8460, ម៉ូតូម៉ាកហុងដា scoop yពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3073, ម៉ូតូម៉ាកscoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JQ-7363 និងខូចខាតម៉ូតូ០១គ្រឿងផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕